នៅថ្ងៃពុធនេះ សភាអឺរ៉ុប បានរិះគន់យ៉ាងខ្លាំងដល់នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban សម្រាប់ជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងទីក្រុងម៉ូស្គូ ដែលជាការស្តីបន្ទោសចុងក្រោយគេលើបេសកកម្មសន្តិភាពបែបផែនខ្លួនឯងរបស់ទីក្រុង Budapest ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោក Orban បានធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីបណ្តាប្រទេស និងក្រុមមេដឹកនាំផ្សេងទៀតរបស់សហភាពអឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកក្នុងខែនេះ ទៅកាន់ប្រទេសរុស្ស៊ី ហើយបន្ទាប់មកទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ដោយគ្មានការគាំទ្រពីសហភាពអឺរ៉ុប ។
ប្រទេសហុងគ្រី បានទទួលយកវេនវិលជុំរយៈពេល ៦ខែម្តង ជាប្រធានសហភាពអឺរ៉ុបក្នុងខែនេះ គឺជាតួនាទីមួយតម្រូវឲ្យទីក្រុង Budapest ទទួលបន្ទុកការរៀបចំជំនួបសមាជិកសហភាពអឺរ៉ុប ប៉ុន្តែពុំអនុញ្ញាតឲ្យលោក Orban ធ្វើវិស័យការទូតតាងនាមឲ្យប្រទេសមាជិកទាំង ២៧របស់សហភាពអឺរ៉ុបនោះឡើយ ។
នៅក្នុងសេចក្តីសម្រេច សភាអឺរ៉ុប បានចាត់ទុកដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីថាជាការបំពានយ៉ាងធ្ងន់ធ្ងរដល់សន្ធិសញ្ញា និងគោលនយោបាយបរទេសរួមរបស់សហភាពអឺរ៉ុប ៕