មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន (ASMC) បានឲ្យដឹងថា សកម្មភាពសីតុណ្ហភាពក្ដៅខ្លាំង នៅតំបន់តូចៗ នៅក្នុងតំបន់អាស៊ានភាគខាងត្បូង ដែលរួមមានទាំងប្រទេសសិង្ហបុរីផងដែរ បានកើនឡើង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយនេះជាសញ្ញាបង្ហាញពីការចាប់ផ្តើមនូវរដូវប្រាំង ដែលត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ខែកញ្ញា។
អ្នកឧតុនិយមបាននិយាយថា ខ្លួនបានចេញកម្រិតប្រកាសអាសន្នកម្រិតទាបបំផុតរបស់ខ្លួន សម្រាប់តំបន់នោះ នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ បន្ទាប់ពីតំបន់ក្ដៅតូចៗសរុបចំនួន ៣៣ ត្រូវបានរកឃើញកាលពីថ្ងៃទី១៥ ខែកក្កដា ហើយចំនួន ៤៤កន្លែងទៀត ត្រូវបានរកឃើញ កាលពីថ្ងៃទី១៦ ខែកក្កដា។
ASMC បានប្រាប់ថា គេប្រទះឃើញសំណុំផ្សែងហុយចេញពីតំបន់ក្តៅមួយចំនួន នៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃខ្លះ ហើយផ្នែកជាច្រើននៃតំបន់អាស៊ានភាគខាងត្បូង ក៏បានជួបប្រទះនឹងអាកាសធាតុក្ដៅស្ងួតនាពេលថ្មីៗនេះផងដែរ។
ទោះបីជាស្ថានភាពនៅតំបន់ត្រូពិចនៃមហាសមុទ្រប៉ាស៊ីហ្វិកបច្ចុប្បន្ន មានភាពមិនច្បាស់លាស់ ដែលធ្វើឲ្យមិនមានរងផលប៉ះពាល់ដោយសារបាតុភូតអាកាសធាតុ El Nino ឬ La Nina ក៏ដោយ ក៏ ASMC បានប្រាប់ថា វាមានលទ្ធភាពកើតស្ថានភាពអាកាសធាតុ La Nina មានសំណើមជាងមុន នៅឆមាសទី២ នៃឆ្នាំ២០២៤។
ដោយផ្អែកលើទស្សនវិស័យអាកាសធាតុចុងក្រោយនេះ ASMC បាននិយាយថា ស្ថាប័នរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាលើផ្នែកភាគច្រើននៃតំបន់ភាគខាងត្បូងអាស៊ាន ក្នុងប៉ុន្មានខែខាងមុខ។ ប៉ុន្តែនៅតែមានហានិភ័យនៃការមានតំបន់ក្តៅ និងផ្សែងអ័ព្ទ នៅក្នុងតំបន់ដែលងាយនឹងមានចំហេះ ជាពិសេសក្នុងអំឡុងពេលក្ដៅហួតហែងខ្លាំង៕