ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងក្រសួងការពារជាតិរុស្ស៊ី និយាយថា នៅថ្ងៃពុធនេះ អ៊ុយក្រែន និងរុស្ស៊ីទទួលបានការដោះដូរឈ្លើយសឹកចំនួន ៩៥នាក់ ពីរុស្ស៊ី ក្រោយពីមានការសម្របសម្រួលរបស់ប្រទេសអារ៉ាប់រួម ។
លោក Zelenskiy និយាយថា អ្នកទោសអ៊ុយក្រែនដែលបានដោះលែង គឺជាសមាជិករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឆ្មាំជាតិ និងឆ្មាំព្រំដែន ។
កាលពីសប្តាហ៍មុន សារព័ត៌មានអ៊ុយក្រែនរាយការណ៍ថា ស្នងការសភាទទួលបន្ទុកសិទ្ធិមនុស្សអ៊ុយក្រែនលោក Dmytro Lubinets បាននិយាយថា ដោយមានជំនួយពីអារ៉ាប់រួម រដ្ឋាភិបាលរបស់លោក គ្រោងនឹងមានកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំជាមួយរុស្ស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
សូមបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះលែងឈ្លើយសឹកតិចតួចប៉ុណ្ណោះ នៅក្នុងសង្រ្គាមរយៈពេល ២៧ខែរបស់ពួកគេ ដែលបានចាប់ផ្តើម ក្រោយពេលរុស្ស៊ី វាយប្រហារប្រទេសជិតខាងតូចជាងខ្លួនមួយនេះ ៕