លោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃពុធ ១៧ កក្កដា ភ្លាមៗបន្ទាប់ពីបានយល់ព្រមថាលោកនឹងពិចារណាទម្លាក់ការប្រកួតប្រជែងបោះឆ្នោតឡើងវិញ ដែលកំពុងចម្រូងចម្រាសខ្លាំងក្នុងបក្សប្រជាធិបតេយ្យ ប្រសិនបើរូបលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។

អ្នកប្រជាធិបតេយ្យវ័យ៨១ ឆ្នាំរូបនេះ បានលើកមេដៃដល់ប្រព័ន្ធផ្សព្វផ្សាយពីរថយន្តទំនើប លីមូហ្ស៊ីន (limousine)របស់លោក ហើយនិយាយថា "ខ្ញុំមានអារម្មណ៍ល្អ" នៅពេលរូបលោកកាត់បន្ថយពេលវេលាការធ្វើដំណើរយុទ្ធនាការទៅកាន់ទីក្រុង ឡាសវ៉េហ្គាស់ (Las Vegas) និងលុបចោលសុន្ទរកថានៅទីនោះ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ។

សេតវិមានបាននិយាយថា លោកមានអាការៈហៀរសំបោរ ក្អក និង រាងអស់កម្លាំងបន្តិចបន្តួច ហើយកំពុងទទួលទានថ្នាំ COVID-19 ខណៈកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកនៅឯគេហដ្ឋានឆ្នេរសមុទ្ររបស់លោកនៅតំបន់រ៉េហូបូត(Rehoboth) រដ្ឋដេឡាវ៉ែ (Delaware) ។
ការធ្វើរោគវិនិច្ឆ័យនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការចេញផ្សាយការអត្ថាធិប្បាយដោយលោក Biden នៅក្នុងបទសម្ភាសន៍មួយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងនោះលោកបាននិយាយថាលោកអាចលាឈប់ពីតំណែងជាបេក្ខជនប្រធានាធិបតី ប្រសិនបើលោកមានការបង្ហាញថាស្ថានភាពសុខភាពរបស់លោកមិនល្អ។
លោក Biden បានតស៊ូដើម្បីភាពរស់រានមានជីវិតខាងនយោបាយ ចាប់តាំងពីការជជែកដេញដោល ទល់នឹងលោក Trump ជិតបីសប្តាហ៍មុន ដែលក្នុងនោះ លោករាងហត់នឿយ និងឥរិយាបទភ្លេចមុខភ្លេចក្រោយ របស់លោកបានបង្កឱ្យមានការព្រួយបារម្ភអំពីអាយុរបស់លោក៕