កងទ័ពអ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណរាប់ពាន់សន្លឹកជុំវិញទីក្រុងហ្កាហ្សា ដែលហែកហួរដោយសង្រ្គាមតាំងតែពីថ្ងៃពុធ (១០ កក្កដា) សប្ដាហ៍មុន ដោយជំរុញឱ្យប្រជាជនទាំងអស់ភៀសខ្លួនចេញពីការវាយលុកដ៏ខ្លាំងក្លាមួយតាមរយៈទីក្រុងសំខាន់នៃទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធនេះ ខណៈកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៧ កក្កដា) សប្ដាហ៍នេះ បានវាយលុកតំបន់នានានៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ។

ខិត្តប័ណ្ណដែលផ្ញើទៅកាន់ «អ្នកគ្រប់គ្នានៅទីក្រុងហ្កាហ្សា» នោះបានដាក់ចេញនូវផ្លូវរត់គេចខ្លួនដែលបានកំណត់ ហើយបានព្រមានថាតំបន់ទីក្រុង ជាទីដែលទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA និយាយថាមានមនុស្សរហូតដល់ ៣៥០.០០០នាក់កំពុងស្នាក់នៅ នឹង «នៅតែជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់»។

ការព្រមាននេះបានកើតឡើងនៅពេលដែលកងទ័ពអ៊ីស្រាអែល គាំទ្រដោយរថក្រោះ និងយន្តហោះ បានប្រយុទ្ធជាមួយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម នៅក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតដែលទីក្រុងនេះបានមើលឃើញក្នុងរយៈពេលជាច្រើនខែ ស្របពេលសង្រ្គាមដ៏បង្ហូរឈាមនៅតែបន្ត។
អង្គការសហប្រជាជាតិបាននិយាយថា ការជម្លៀសចុងក្រោយនេះ «នឹងកាន់តែបង្កើនទុក្ខវេទនាដ៏ធំសម្រាប់ក្រុមគ្រួសារប៉ាឡេស្ទីនដែលភាគច្រើនត្រូវបានផ្លាស់ទីលំនៅជាច្រើនដង»។ ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨១នាក់ និងបង្ករបួស ១៩៨ នាក់។ សូមបញ្ជាក់ថា ក្រសួងនេះមិនបានបែងចែករវាងក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិលក្នុងចំនួនអ្នកស្លាប់នោះទេ៕