ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះថា មនុស្សចំនួន ១៦ នាក់បានស្លាប់ក្នុងអគ្គិភ័យនៅផ្សារទំនើបលក់ទំនិញមួយកន្លែងនៅក្នុងខេត្ត ស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិនកាលពីល្ងាចថ្ងៃពុធ (១៧ កក្កដា)។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះអគារកម្ពស់ ១៤ ជាន់ ក្នុងតំបន់បច្ចេកវិទ្យាខ្ពស់នៃទីក្រុង ស៊ីកុង (Zigong) ដែលគ្របដណ្តប់ជុំវិញដោយផ្សែងហុយយ៉ាងក្រាស់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការងារជួយសង្គ្រោះពេញមួយយប់បានបញ្ចប់នៅម៉ោង ៣:០០ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ហើយមិនមានអ្នកជាប់ខ្លួនក្នុងនោះទៀតទេ។ វីដេអូសាក្សីដែលមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញពីសំណុំផ្សែងហុយយ៉ាងក្រាស់ឃ្មឹកទៅលើមេឃ ខណៈដែលភ្លើងបានឆាបឆេះអគារ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យនេះកើតឡើងដោយសារប្រតិបត្តិការសំណង់ ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុជាក់លាក់នៃអគ្គិភ័យនេះ។

លោក លី វ៉ាន់ហ្វឹង (Li Wanfeng) អ្នកនាំពាក្យរបស់រដ្ឋបាលអគ្គិភ័យ និងសង្គ្រោះជាតិបាននិយាយថា គ្រោះអគ្គិភ័យនៅតែជាបញ្ហានៅក្នុងប្រទេសចិន ដែលបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារហេតុការណ៍បែបនេះចំនួន ៩៤៧ នាក់ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ ត្រឹមថ្ងៃទី២០ ខែឧសភា ដោយកើនឡើង ១៩ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕