រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានប្តឹងឧទ្ធរណ៍ជាផ្លូវការកាលពីថ្ងៃពុធ (១៧ កក្កដា) លើការសម្រេចរបស់ចៅក្រមសហព័ន្ធក្នុងការលុបចោលសំណុំរឿងព្រហ្មទណ្ឌដែលដាក់ដោយរដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) ចោទប្រកាន់លោក Donald Trump ពីបទកាន់កាប់ឯកសារសម្ងាត់ដោយខុសច្បាប់ បន្ទាប់ពីបញ្ចប់អាណត្តិប្រធានាធិបតីរបស់ខ្លួន។

ការិយាល័យរបស់រដ្ឋអាជ្ញាពិសេសរូបនេះ បានដាក់លិខិតជូនដំណឹងមួយដោយបង្ហាញថា ខ្លួននឹងស្នើឱ្យតុលាការឧទ្ធរណ៍ប្រចាំតំបន់ទី១១ របស់អាមេរិក កែប្រែឡើងវិញ និងច្រានចោលការសម្រេចរបស់ចៅក្រមតំបន់ ដែលមានមូលដ្ឋាននៅរដ្ឋ ហ្វ្លរីដា (Florida) លោកស្រី អៃលីន ខេនណុន (Aileen Cannon) កាលពីថ្ងៃចន្ទ ដែលថាលោក Smith ត្រូវបានតែងតាំងដោយខុសច្បាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក មើរីក ហ្កាលែន (Merrick Garland)។

លោកស្រី Cannon ដែលត្រូវបានតែងតាំងដោយលោក Trump ក្នុងឆ្នាំ២០២០ បានសម្រេចថាការតែងតាំងឆ្នាំ២០២២ របស់លោក Smith បានបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដោយសារតែសភាមិនបានអនុញ្ញាតឱ្យលោក Garland តែងតាំងរដ្ឋអាជ្ញាពិសេសដែលមានកម្រិតអំណាច និងឯករាជ្យភាពដូចអ្វីដែលលោក Smith មាននោះទេ។

ការសម្រេចនេះគឺជាជ័យជម្នះផ្លូវច្បាប់ជាបន្តបន្ទាប់សម្រាប់លោក Trump។ តុលាការកំពូលអាមេរិក បានសម្រេចកាលពីថ្ងៃទី០១ កក្កដា ថាលោក Trump មានអភ័យឯកសិទ្ធិទូលំទូលាយពីការកាត់ទោសចំពោះសកម្មភាពផ្លូវការដែលបានធ្វើឡើងក្នុងនាមជាប្រធានាធិបតី ដោយនោះជាការសម្រេចដែលបានចងភ្ជាប់សំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀតដែលដាក់ដោយលោក Smith ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់លោក Trump ដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០៕