អតីតមេដឹកនាំសហភាពសូវៀត លោក មីកហែល ហ្កូបាឈេវ (Mikhail Gorbachev) និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រ៉េហ្កាន (Ronald Reagan) ក្នុងខែធ្នូ ឆ្នាំ១៩៨៧ បានព្រមព្រៀងរុះរើប្រព័ន្ធសព្វាវុធប្រជែង ក្រោមសន្ធិសញ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា ដែលមានមូលដ្ឋានបាញ់ពីដី ចម្ងាយខ្លី និងមធ្យម (INF) ទាំងអស់ ដែលមានចម្ងាយចន្លោះពី ៥០០គីឡូម៉ែត្រ និង ៥.៥០០គីឡូម៉ែត្រ។

ប៉ុន្តែគ្រាប់ពូជសន្តិភាពនោះរស់រានត្រឹមឆ្នាំ២០១៩ប៉ុណ្ណោះ នៅពេលលោក Donald Trump ដែលកាលនោះជាប្រធានាធិបតីអាមេរិក បានចាកចេញពីសន្ធិសញ្ញានោះដោយលើកឡើងពីការរំលោភបំពាន ដែលរុស្ស៊ីបានបដិសេធ។ ភាពស្មុគស្មាញដ៏គ្រោះថ្នាក់នៃការចេញពីកិច្ចព្រមព្រៀងនេះកំពុងតែលេចចេញជារូបរាងនៅពេលនេះ ខណៈដែលភាគីទាំងពីរបានកំណត់ផែនការរបស់ពួកគេសម្រាប់ការដាក់ពង្រាយសព្វាវុធជាថ្មី។

កាលពីថ្ងៃទី២៨ មិថុនា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយជាសាធារណៈថា រុស្ស៊ីនឹងបន្តផលិតមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមបាញ់ពីដី ដោយជាអ្វីដែលលោកខាងលិចសង្ស័យថារុស្ស៊ីកំពុងធ្វើរួចហើយ ហើយនិងធ្វើការសម្រេចចិត្តពីទីតាំងដែលត្រូវដាក់ពង្រាយអាវុធទាំងនោះ ប្រសិនបើចាំបាច់។

ក្រុមអ្នកជំនាញផ្នែកសន្តិសុខសន្មត់ថា មីស៊ីលទាំងនេះ ដែលដូចជាប្រព័ន្ធរុស្ស៊ីភាគច្រើនដែរ នឹងអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរ។
ចំណែកអាមេរិក ក៏បាននិយាយនៅថ្ងៃទី១០ កក្កដា ថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយក្នុងអាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦ នូវសព្វាវុធដែលនឹងរួមបញ្ចូលមីស៊ីលស្តង់ដារ-៦ (SM-6s) និងមីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawks)។ ទាំងនេះគឺជាប្រព័ន្ធធម្មតាប៉ុណ្ណោះ ប៉ុន្តែតាមទ្រឹស្តី អាវុធមួយចំនួនក្នុងចំណោមនោះក៏អាចបំពាក់ដោយគន្លឹះនុយក្លេអ៊ែរ ហើយអ្នកជំនាញសន្តិសុខនិយាយថា ផែនការដាក់ពង្រាយរបស់រុស្ស៊ី នឹងអនុញ្ញាតឱ្យមានលទ្ធភាពបែបនោះកើតឡើង៕