នគរបាលប្រទេសកេនយ៉ា បានហាមប្រាមការប្រមូលផ្តុំទាំងឡាយនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី(Nairobi) កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មនៅក្នុងរដ្ឋធានីបានប្រែក្លាយជាហិង្សា ចាប់តាំងពីចាប់ផ្ដើមផ្ទុះការតវ៉ាជាច្រើនសប្ដាហ៍មកនេះ។ការប្រមូលផ្តុំប្រឆាំងការដំឡើងពន្ធដែលបានស្នើឡើងបានចាប់ផ្តើមកាលពីខែមុន ហើយបានបន្តមកដល់សប្ដាហ៍នេះ ទោះច្បាប់នេះត្រូវបានដកចេញក៏ដោយ។ក្រុមបាតុករកំពុងអំពាវនាវឱ្យលោកប្រធានាធិបតី William Ruto ចុះចេញពីតំណែង។

គណៈកម្មការជាតិកេនយ៉ា ដែលផ្គត់ផ្គង់មូលនិធិដោយរដ្ឋ ធ្វើការលើសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា មនុស្សស្លាប់ក្នុងការបង្ក្រាបការតវ៉ានេះ បានកើនឡើងដល់៥០នាក់ និង ជាង៤១០នាក់ ផ្សេងទៀត រងរបួស។
កងកម្លាំងនគរបាលកេនយ៉ាបាននិយាយកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថា "ពុំមានបាតុកម្មណាមួយនឹងត្រូវបានអនុញ្ញាតឲ្យកើតឡើងនៅកណ្តាលរដ្ឋធានីណៃរ៉ូប៊ីឡើយ បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏កក្រើក៤សប្ដាហ៍មកនេះ។

ប្រទេសនេះត្រូវបានរួបរឹតដោយការប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ពីដំបូងបង្កឡើងដោយការដំឡើងពន្ធ ទោះត្រូវបានដកចេញវិញ ដែលប្រែទៅជាអំពើហិង្សាបណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ នេះបើយោងតាមក្រុមសិទ្ធិមនុស្សដែលផ្តល់មូលនិធិដោយរដ្ឋ។
លោកប្រធានាធិបតី វីលៀម រូតូ បានព្យាយាមរំងាប់ស្ថានការណ៍ ដោយលុបចោលសំណើច្បាប់ស្ថីពីហិរញ្ញវត្ថុដែលបានស្នើឡើងឲ្យមានការដំឡើងពន្ធ បណ្តេញមន្ត្រីមួយចំនួនពីជួរគណៈរដ្ឋមន្ត្រីរបស់លោក និងសន្យាកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។
ប៉ុន្តែការប្រមូលផ្តុំនានា ខណៈមានទ្រង់ទ្រាយតូចជាងខែមុន បានបន្តនៅទូទាំងប្រទេស ដោយមនុស្សជាច្រើននៅតែអំពាវនាវឱ្យមេដឹកនាំកេនយ៉ាលាលែងពីតំណែង៕