លោក Nicolas Maduro បានក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៣ រយៈពេលបីថ្ងៃបន្ទាប់ពីមរណភាពរបស់ប្រធានាធិបតី លោក Hugo Chavez ដោយសារជំងឺមហារីក ហើយ១១ឆ្នាំក្រោយមក លោកបានស្វែងរកការបោះឆ្នោតជាថ្មី សម្រាប់អាណត្តិទីបី នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។

លោក Maduro និយាយថា ជ័យជម្នះរបស់លោកនឹងក្លាយជាអំណោយសម្រាប់អ្នកគាំទ្ររបស់លោក។ លោក Maduro ដែលបានកាន់តំណែងរយៈពេល១១ឆ្នាំ បានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ២០១៣ បន្ទាប់ពីមរណភាពរបស់លោក Chavez ។ បច្ចុប្បន្ននេះ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា ខាងមុខ លោកនឹងត្រូវប្រឈមមុខជាមួយអតីតអ្នកការទូត លោក អ៊ីដមុនដូ ហ្គុងហ្សាឡេស(Edmundo Gonzalez) ជាគូប្រជែងដ៏សំខាន់របស់លោកមកពីក្រុមចម្រុះប្រឆាំង។

ប្រធានាធិបតីអាយុ ៦១ ឆ្នាំ ដែលទទួលខុសត្រូវចំពោះការដួលរលំសេដ្ឋកិច្ច នាំឱ្យមានអតិផរណាហក់ឡើងខ្ពស់ និងការធ្វើអន្តោប្រវេសន៍ច្រើនបំផុតរបស់ប្រជាជនវេណេស៊ុយអេឡា ជារឿយៗហៅក្រុមប្រឆាំងថា «ហ្វាស៊ីសនិយម»។
លោក Maduro ត្រូវបានចោទប្រកាន់ដោយក្រុមអ្នករិះគន់លោក ថា ផ្តាច់ការនិយម ដឹកនាំរបបផ្តាច់ការ ចាប់ឃុំឃាំងអ្នកនយោបាយប្រឆាំង ព្រមទាំងការមិនអនុញ្ញាតឱ្យមានការចូលរួមដោយសេរីនៅក្នុងការបោះឆ្នោត ដោយមានបម្រាមការបោះឆ្នោត លើបេក្ខជនដែលគេនិយមច្រើន។
សហរដ្ឋអាមេរិក ដែលនៅតែចោទប្រកាន់ និងផ្តល់រង្វាន់ចំនួន១៥លានដុល្លារសម្រាប់ការចាប់ខ្លួន លោក Maduro បានដាក់ទណ្ឌកម្មប្រេងឡើងវិញលើប្រទេសវេណេស៊ុយអេឡា កាលពីពាក់កណ្តាលខែមេសា ដោយចោទប្រកាន់ លោក Maduro ថាពុំបានអនុវត្តពេញលេញតាមការធានាក្នុងការបោះឆ្នោត ដែលលោកបានធ្វើនៅក្នុងកិច្ចព្រមព្រៀងជាមួយគណបក្សប្រឆាំង។