រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយមេដឹកនាំអាមេរិកណាមួយក៏ដោយ ដែលមានឆន្ទះចូលរួមក្នុង «ការសន្ទនាប្រកបដោយសមភាព និងការគោរពគ្នាទៅវិញទៅមក» ខណៈស្វាគមន៍ចំពោះជំហរលើអ៊ុយក្រែនរបស់បេក្ខជនអនុប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក J.D. Vance ។

លោក Vance ដែលត្រូវបានជ្រើសរើសក្នុងសប្តាហ៍នេះដោយលោក Donald Trump ជាអ្នករួមការងាររបស់លោក មានបំណងកាត់បន្ថយការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ប្រទេសនេះជាមួយរុស្ស៊ី និងបាននិយាយថា ទីក្រុងគីវ ពុំមានឱកាសក្នុងការដណ្តើមយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ីយកបាន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមវាយយលុកពេញលេញរបស់ខ្លួនទៅលើ អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោក Lavrov បាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោកគាំទ្រសន្តិភាព លោកគាំទ្រក្នុងការបញ្ចប់ជំនួយដែលត្រូវបានផ្តល់ ហើយយើងអាចស្វាគមន៍ ព្រោះនោះជាអ្វីដែលយើងត្រូវការ ដើម្បីបញ្ឈប់ការទាមទារសព្វាវុធរបស់អ៊ុយក្រែន ហើយបន្ទាប់មកសង្រ្គាមនឹងបញ្ចប់។
សម្ព័ន្ធមិត្តសហភាពអឺរ៉ុបរបស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការជ្រើសរើសលោក Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Trump នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ។

លោក Trump បានសម្តែងការមិនសប្បាយចិត្តជុំវិញកញ្ចប់ជំនួយចុងក្រោយ របស់សភាសម្រាប់អ៊ុយក្រែន ដែលត្រូវបានអនុម័តកាលពីខែមេសា។
លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាម ប្រសិនបើទីក្រុងគីវ ប្រគល់តំបន់ចំនួនបួននៅភាគខាងកើត និងភាគខាងត្បូងរបស់ប្រទេស ដែលទាមទារដោយទីក្រុងមូស្គូ។