បាល់ទាត់៖ ខ្សែប្រយុទ្ធហូឡង់ Memphis Depay នៅតែដើរតួសំខាន់ក្នុងជ័យជំនះរបស់ Barcelona យប់មិញលើក្រុមភ្ញៀវ Getafe ២-១ ដើម្បីមកឈរលេខ៤ ក្នុងតារាង។ Sergi Roberto គឺជាអ្នកបើកការនាំមុខមុនឱ្យ Barcelona តាំងពីនាទីទី២ តែក៏ត្រូវក្រុមភ្ញៀវ Getafe តាមស្មើវិញនៅនាទីទី១៨ ដោយ Sandro ដែលជាអតីតកីឡាកររបស់ Barcelona។

ក្រោយមក Memphis Depay ក៏រកបានគ្រាប់ជ័យជំនះឱ្យ Barcelona នៅនាទីទី៣០ ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ ២៦០០០នាក់។ ក្រុមរបស់លោក Ronald Koeman នៅពេលនេះឡើងមកឈរលេខ៤ ក្នុងតារាងមាន ៧ពិន្ទុក្រោយលេងបាន ៣ប្រកួត។ ចំណែកក្រុមការពារតំណែងជើងឯក Atletico Madrid យប់មិញរកមិនបាន ៣ពិន្ទុឡើយនៅពេលទទួលភ្ញៀវជើងឯក Europa League, Villarreal។ Villarreal នាំមុខ ២លើកក្នុងការប្រកួតនេះដោយ Manuel Trigueros នៅនាទីទី៥២ មុនពេល Luis Suarez តាមស្មើនៅនាទីទី៥៦។
Arnaut Moreno រកបានគ្រាប់នាំមុខសាជាថ្មីឱ្យ Villarreal ២-១ នៅនាទីទី៧៤ តែហៀបនឹងចប់ការប្រកួតទៅហើយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Aissa Mandi នៅនាទីទី៩០+៥ ធ្វើឱ្យ Atletico Madrid បានមួយពិន្ទុ ខណៈការប្រកួតបញ្ចប់ទៅដោយស្មើគ្នា ២-២។ Atletico Madrid នៅពេលនេះឈរលេខ៥ មាន ៧ពិន្ទុស្មើគ្នាជាមួយក្រុមខាងលើដែលរួមមាន Real Madrid លេខ១ ក្រោយយកឈ្នះនៅទឹកដី Real Betis ១-០ កាលពីថ្ងៃសៅរ៍ ស្របពេល Sevilla លេខ២ និង Valencia លេខ៣៕
អត្ថបទ៖នាង សុភាវុធ