ទីភ្នាក់ងារជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ នៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃពុធថា ទីភ្នាក់ងារកំពុងព្យាយាមដើម្បីទប់ស្កាត់ការរាលដាលជំងឺ ក្នុងចំណោមប្រជាជនភៀសខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប។

ទីភ្នាក់ងារ UNRWA បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា សីតុណ្ហភាពហក់ឡើងខ្ពស់ ភាពចង្អៀតណែនខ្លាំង កង្វះទឹក និងកង្វះអនាម័យផ្ទាល់ខ្លួន ការផ្គត់ផ្គង់សម្អាតដូចជាសាប៊ូ សាប៊ូកក់សក់ និងថ្នាំសម្លាប់មេរោគ នាំឱ្យមានការឆ្លងមេរោគនៅលើស្បែក និងការចម្លងរោគ ដោយបាក់តេរី ក្នុងចំណោមប្រជាជនភៀសខ្លួន ។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគ្រប់គ្រងការរីករាលដាលការឆ្លងមេរោគ និងការពារការរាលដាលករណីស្រដៀងគ្នានេះ តាមរយៈមណ្ឌលសុខភាពរបស់ខ្លួន ទោះបីជាធនធានមានកម្រិត និងកង្វះបរិក្ខាព្យាបាលនៅក្នុងឃ្លាំងរបស់ខ្លួនក៏ដោយ។
ទីភ្នាក់ងារនេះ បានបញ្ជាក់ពីភាពចាំបាច់ ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
អាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីថ្ងៃពុធ ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ យោធាអ៊ីស្រាអែល បានសម្លាប់មនុស្ស៨១នាក់ និងរងរបួស ១៩៨នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៨.៧៩៤នាក់ និងអ្នករងរបួសឡើងដល់ ៨៩.៣៦៤នាក់ ចាប់តាំងពីជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើង នៅដើមខែតុលា ឆ្នាំ២០២៣។