សមាជិកជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិក បានអំពាវនាវកាលពីថ្ងៃពុធ (១៧ កក្កដា) ឱ្យប្រធានសេវាសម្ងាត់លាលែងពីតំណែង បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតបានធ្វើឱ្យលោកអតីតប្រធានាធិបតី Donald Trump រងរបួស ខណៈសភាបានបើកការស៊ើបអង្កេតទ្វេបក្សលើការបរាជ័យផ្នែកសន្តិសុខ។

ប្រធានសភាលោក ម៉ៃ ចនសុន (Mike Johnson) បាននិយាយថា អង្គជំនុំជម្រះរបស់លោកនឹងចាប់ផ្តើមកិច្ចការស៊ើបអង្កេតទ្វេបក្ស ខណៈសមាជិកសភាបានទទួលការបំភ្លឺពីមន្ត្រីសន្តិសុខ មុនពេលសវនាការជាសាធារណៈដែលរំពឹងទុកនៅសប្តាហ៍ក្រោយ។

លោក មីច មែកខននែល (Mitch McConnell) ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ បាននិយាយលើបណ្ដាញសង្គមថា «ថ្នាក់ដឹកនាំថ្មីនៅសេវាសម្ងាត់ នឹងជាជំហានដ៏សំខាន់មួយក្នុងទិសដៅនោះ»។ នាយកសេវាកម្មសម្ងាត់ លោកស្រី ឃីមប៊ឺលី ឈាថល (Kimberly Cheatle) នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ ជាមួយសារព័ត៌មាន ABC បាននិយាយថា លោកស្រីនឹងមិនលាលែងពីតំណែងនោះទេ។

សន្តិសុខនៅក្នុងការជួបជុំយុទ្ធនាការបោះឆ្នោតរបស់លោក Trump នៅរដ្ឋផិនស៊ីលវេនៀ (Pennsylvania) បានស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះត្រូវបានបាញ់កាលពីថ្ងៃសៅរ៍ ក្នុងព្រឹត្តិការណ៍នោះ។ ការបាញ់ប្រហារនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីថា តើជនសង្ស័យអាចចូលទៅដំបូលឃ្លាំងក្បែរនោះ ជាមួយនឹងទីតាំងតម្រង់យ៉ាងល្អទៅកាន់កន្លែងដែលលោក Trump កំពុងថ្លែង បានយ៉ាងដូចម្ដេច៕