រហូតមកដល់ថ្ងៃទី១៨ខែកក្កដានេះគឺជាថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២៤កន្លងទៅនេះនៅតែមិនទាន់មានតម្រុយណាមួយនោះឡើយ ដោយមន្រ្តីអះអាងថាមកពីកត្តាអាកាសធាតុមានភ្លៀងធ្លាក់ បានធ្វើឲ្យកងកម្លាំងចម្រុះ មានភាពលំបាកក្នុងការរុករក តែយ៉ាងណាក្តីក្រុមប្រតិបត្តិការរុករកនៅតែបន្តសកម្ម ភាពរបស់ខ្លួនជានិច្ចទោះបីជាមានឧបសគ្គបែបនេះកើតឡើងក៏ដោយនោះ។

តាមរយៈផេកហ្វេសបុកផ្ទាល់របស់ខ្លួន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា «បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក»។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានលើកឡើងទៀតថារហូតដល់ថ្ងៃទី១៨ កក្កដានេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់បាត់ខ្លួនជាមួយ ឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ យ៉ាងនេះក្តីទោះបីជាមានឧបសគ្គ បង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ ក៏កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករក ឲ្យឃើញក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញរវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើតាមការអះអាងរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការធ្លាក់នេះគឺកើតចេញពីអាកាសធាតុមិនអំណោយផល៕ អត្ថបទ បាន ចក់



