ប៉ាឡេស្ទីន បានច្រានចោល សំណើររបស់អ៊ីស្រាអែល-អាមេរិក ដើម្បីឲ្យបើកច្រកព្រំដែនទីក្រុង Rafah ឡើងវិញជាបណ្តោះអាសន្ន ដោយអំពាវនាវជំនួសវិញឲ្យមានការដកទ័ពរបស់អ៊ីស្រាអែល និងបង្កើតអធិបតេយ្យភាព ប៉ាឡេស្ទីន។

យោងតាមប្រភពព័ត៌មាន ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចប្រជុំមួយ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ពាក់ព័ន្ធទៅនឹងអ្នកតំណាងមកពីដែនដីប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីស្វែងរកលទ្ធភាពនៃការធ្វើប្រតិបត្តិការនៅច្រកឆ្លងកាត់ព្រំដែន ទីក្រុង Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាស្ទ្រីប។ ភាគីអ៊ីស្រាអែល បានស្នើឱ្យបុគ្គលិកប៉ាឡេស្ទីនចំនួន៦រូប ចូលរួមក្នុងការគ្រប់គ្រងការឆ្លងកាត់ដោយគ្មានពាក់ឯកសណ្ឋាន ឬនគរបាល ហើយគ្មានការដំឡើងទង់ជាតិប៉ាឡេស្ទីនឡើយ។

ប្រភពបាននិយាយថា សំណើនេះត្រូវបានច្រានចោល ព្រោះសំណើមានបំណងបើកច្រកឆ្លងកាត់បណ្តោះអាសន្ន ដោយគ្មានអធិបតេយ្យភាពប៉ាឡេស្ទីន ដែលផ្ទុយទៅនឹងជំហររបស់ប៉ាឡេស្ទីន និងកិច្ចព្រមព្រៀងអន្តរជាតិ។
យោងតាមប្រភពដដែលបានឲ្យដឹងថា ជំហររបស់ប៉ាឡេស្ទីន គឺស្របទៅតាមកិច្ចព្រមព្រៀងឆ្នាំ២០០៥ ស្តីពីការឆ្លងកាត់ទីក្រុង Rafah ដែលទាមទារដែនអធិបតេយ្យភាពប៉ាឡេស្ទីន ការចូលរួមរបស់សហភាពអឺរ៉ុប និងការដកកងទ័ពអ៊ីស្រាអែលពេញលេញ ចេញពីច្រកឆ្លងកាត់។
កិច្ចប្រជុំនេះ បានបញ្ចប់ បន្ទាប់ពីសំណើរបស់អ៊ីស្រាអែល-អាមេរិក ត្រូវបានប៉ាឡេស្ទីន ច្រានចោល ហើយពុំមានកិច្ចពិភាក្សាបន្ថែមទៀតនោះទេ បន្ទាប់ពីកិច្ចប្រជុំនេះ។
កិច្ចប្រជុំ ត្រូវបានចាត់ទុកថា ជាលើកដំបូង រវាងអ៊ីស្រាអែល និងអ្នកតំណាងអាជ្ញាធរប៉ាឡេស្ទីន ដើម្បីពិភាក្សាអំពីអនាគតតំបន់ហ្កាហ្សា បន្ទាប់ពីជម្លោះនៅតែបន្ត។
កាលពីថ្ងៃទី៧ ខែឧសភា កងទ័ពអ៊ីស្រាអែល បានប្រកាសពីការដាក់ការគ្រប់គ្រងប្រតិបត្តិការ លើភាគីប៉ាឡេស្ទីននៅច្រកឆ្លងកាត់ទីក្រុង Rafah ដែលនាំទៅរកការបញ្ឈប់ការដឹកជញ្ជូនជំនួយ ពីប្រទេសអេហ្ស៊ីប ទៅកាន់តំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់នេះ។