កូរ៉េខាងត្បូង បានបញ្ជាឱ្យប្រជាជនដែលរស់នៅក្បែរទន្លេនៅតំបន់កណ្តាលរបស់ប្រទេស ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះ ដោយសារភ្លៀងមូសុងធ្លាក់ខ្លាំងបានធ្វើឱ្យមានទឹកភ្លៀងលើសពី ៣០០ មីលីម៉ែត្រ (១២ អ៊ីង) ខណៈដែលការព្រមានពីទឹកជំនន់ត្រូវបានដាក់ចេញទៅពាសពេញតំបន់ដ៏ធំមួយនៃប្រទេស រួមទាំងរដ្ឋធានីផងដែរ។

អាជ្ញាធរគ្រាអាសន្នបាននិយាយថា ភ្លៀងបានបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាង ២៤ ជើងនៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆុន (Incheon) នៅឆ្នេរសមុទ្រភាគខាងលិច ហើយក៏បានរំខានដល់សេវារថភ្លើងនៅទីក្រុងសេអ៊ូលផងដែរ។
រដ្ឋាភិបាលកំពុងឃ្លាំមើលការកើនឡើងភ្លាមៗនៃកម្រិតទឹកទន្លេដែលហូរចេញពីប្រទេសកូរ៉េខាងជើង ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រាប់មីនដែលត្រូវបានដាក់នៅតាមព្រំដែនដោយអ្នកជិតខាងរបស់ខ្លួនមួយនេះ ដែលថាអាចនឹងត្រូវទឹកហូរនាំមក។

យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនអាចច្រានចោលបានទេនូវឱកាសដែលថា កូរ៉េខាងជើងបានដាំគ្រាប់មីនបន្ថែមទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយដឹងច្បាស់អំពីលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំង។ កូរ៉េខាងជើងបានព្រងើយកន្តើយនឹងការទាមទាររបស់កូរ៉េខាងត្បូង ក្នុងការផ្តល់ការជូនដំណឹងនៅពេលដែលខ្លួនបើកទ្វារទំនប់ទឹកជំនន់នៅអាងស្តុកទឹកដ៏ធំមួយ បន្ទាប់ពីទឹកជំនន់ដ៏គំហុកបានសម្លាប់មនុស្ស ៦នាក់នៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០០៩ ដែលបណ្តាលមកពីការកើនឡើងនៃកម្រិតទឹកនៅក្នុងទន្លេឆ្លងកាត់ព្រំដែន៕
