យោធាអាមេរិក បានប្រកាសកាលពីថ្ងៃពុធ (១៧ កក្កដា) ថាខ្លួនបានបញ្ចប់បេសកកម្មក្នុងការដំឡើង និងប្រតិបត្តិការផែបណ្តែតទឹកមួយនៅឆ្នេរសមុទ្រតំបន់ហ្កាហ្សា ដោយបញ្ចប់ជាផ្លូវការនូវកិច្ចខិតខំប្រឹងប្រែងដ៏លំបាកក្នុងការនាំយកជំនួយមនុស្សធម៌ដល់ពលរដ្ឋប៉ាឡេស្ទីន។

ផែ ដែលត្រូវបានប្រកាសដោយលោកប្រធានាធិបតី Joe Biden អំឡុងពេលសុន្ទរកថាតាមទូរទស្សន៍ទៅកាន់សភា កាលពីខែមីនា គឺជាការខិតខំប្រឹងប្រែងដ៏ធំមួយដែលបាននាំយកកងកម្លាំងអាមេរិក ប្រហែល ១.០០០នាក់ដើម្បីប្រតិបត្តិការ។ ជំនួយបានចាប់ផ្តើមហូរចូលតាមច្រកផែនេះទៅកាន់តំបន់ហ្កាហ្សាក្នុងខែឧសភា ដែលជាប្រតិបត្តិការមួយក្នុងគោលបំណងបញ្ចៀសគ្រោះទុរ្ភិក្ស បន្ទាប់ពីសង្គ្រាមជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប៉ុន្តែអាកាសធាតុអាក្រក់ និងបញ្ហាប្រឈមក្នុងការចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សា បានកាត់បន្ថយប្រសិទ្ធភាពនៃអ្វីដែលយោធាអាមេរិកនិយាយថា ជាកិច្ចប្រឹងប្រែងផ្តល់ជំនួយដ៏ធំបំផុតមិនធ្លាប់មាននៅមជ្ឈិមបូព៌ា ដោយផែនេះដំណើរការបានប្រហែល ២០ថ្ងៃប៉ុណ្ណោះ។

លោក ប្រែដ ឃូបភើ (Brad Cooper) មេបញ្ជាការរងនៃបញ្ជាការកណ្តាលអាមេរិក បាននិយាយថា កិច្ចប្រឹងប្រែងចែកចាយជំនួយដល់តំបន់ហ្កាហ្សាតាមសមុទ្រឥឡូវនេះនឹងផ្លាស់ប្តូរទៅកាន់កំពង់ផែ អាស្ហដត (Ashdod) ជំនួសវិញដែលបានបង្កើតឡើងនៅអ៊ីស្រាអែល។ លោកបន្ថែមថា យ៉ាងហោចណាស់ជំនួយជាង ២ពាន់តោន ដែលស្ថិតនៅក្នុងប្រទេសស៊ីប ឬនៅលើនាវា នឹងត្រូវបញ្ជូនទៅកំពង់ផែថ្មីនោះនៅប៉ុន្មានថ្ងៃខាងមុខនេះ៕