សេវាឧតុនិយម AEMET បាននិយាយថា ប្រទេសអេស្ប៉ាញនឹងជួបប្រទះរលកកម្ដៅលើកដំបូងនៃរដូវក្តៅដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះ ខណៈដែលរដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការយល់ដឹងពីហានិភ័យកម្ដៅសម្រាប់ប្រជាជនដែលធ្វើការនៅខាងក្រៅភាគច្រើន។

បន្ទាប់ពីបានមើលឃើញអាកាសធាតុត្រជាក់ខុសពីធម្មតាមកទល់ពេលនេះនៅក្នុងរដូវក្តៅនេះ សេវាឧតុនិយម AEMET រំពឹងថាសីតុណ្ហភាពនឹងឡើងលើសពី ៣៨អង្សាសេ នៅក្នុងផ្នែកភាគច្រើននៃប្រទេសនៅថ្ងៃព្រហស្បតិ៍ ដោយឡើងដល់ ៤២-៤៤អង្សាសេ នៅតំបន់ភាគខាងត្បូង។ អាកាសធាតុក្ដៅបំផុតនឹងកើតឡើងនៅថ្ងៃសុក្រ (១៩ កក្កដា) នៅពេលដែលតំបន់ភាគច្រើននឹងឡើងកម្ដៅរហូតដល់ ៤០ អង្សាសេ។

ភ្នាក់ងារឧតុនិយម AEMET បានចេញការព្រមានអំពីរលកកម្ដៅសម្រាប់ផ្នែកធំៗនៃប្រទេសអេស្ប៉ាញ រួមទាំងប្រជុំកោះ បេលៀរីក (Balearic) នៅសមុទ្រមេឌីទែរ៉ាណេ។ ការជូនដំណឹងអំពីកម្ដៅកម្រិតពណ៌លឿងទុំរបស់ទីភ្នាក់ងារ AEMET នៅតាមផ្នែកខ្លះនៃប្រទេសនេះ ក៏នឹងធ្វើឱ្យមានការហាមឃាត់ធ្វើការងារនៅខាងក្រៅនៅពេលរសៀល ក្រោមក្រិតរបស់រដ្ឋាភិបាលដែលបានអនុម័តកាលពីឆ្នាំមុន ដើម្បីទប់ទល់នឹងរលកកម្ដៅកាន់តែកើនឡើងនេះ។
វិទ្យាស្ថានជាតិសម្រាប់សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ បានចាប់ផ្តើមយុទ្ធនាការ «ប្រុងប្រយ័ត្ននឹងកម្ដៅព្រះអាទិត្យ» កាលពីថ្ងៃពុធ ដើម្បីដោះស្រាយហានិភ័យ ដូចជាជំងឺសុរិយរោគ (ថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្លាំង) និងវិទ្យុសកម្មពីពន្លឺព្រះអាទិត្យជាដើម៕