ក្រសួងការបរទេសវៀតណាម បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះថា ប្រទេសវៀតណាមបានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅ (ECS) នៅក្នុងសមុទ្រចិនខាងត្បូង មួយខែបន្ទាប់ពីហ្វីលីពីន បានចាត់វិធានការស្រដៀងគ្នានេះ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជូនសំណើទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅ ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយ ២០០ម៉ាយល៍ណត់នេះ គឺដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីរដ្ឋ ស្របតាមការងារក្របខ័ណ្ឌដែនសមុទ្រ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នេះជាសំណើលើកទីបីរបស់វៀតណាមនៃការទាមទារតំបន់នេះ ដែលរួមមានការដាក់ស្នើទាក់ទងនឹងតំបន់ភាគខាងជើងនៃសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើតរបស់វៀតណាម និងការដាក់ស្នើរួមគ្នាជាមួយម៉ាឡេស៊ី ទាក់ទងនឹងផ្នែកភាគខាងត្បូងនៃតំបន់នេះក្នុងឆ្នាំ២០០៩។

ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។ ផ្នែកនៃផ្លូវទឹកយុទ្ធសាស្ត្រ ដែលមានតម្លៃ ៣សែនកោដិ៍ដុល្លារនៃពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំនេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាជម្រុកត្រីផងដែរ៕
