
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) កាលពីថ្ងៃពុធ បានជំរុញឲ្យមានបន្តការសង្កត់ធ្ងន់ទៅលើដំណោះស្រាយនយោបាយចំពោះវិបត្តិដែលបន្តកើតមាននៅតំបន់ហ្កាហ្សា។
លោក Courtenay Rattray ប្រធានខុទ្ទកាល័យអគ្គលេខាធិការUN បានប្រាប់កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខថា៖«យើងត្រូវតែផ្តោតទៅលើការស្វែងរកដំណោះស្រាយនយោបាយ ដែលនឹងបញ្ចប់ការកាន់កាប់ និងដោះស្រាយជម្លោះស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

លោក Rattray បានគូសបញ្ជាក់អំពីស្ថានភាពដ៏ធ្ងន់ធ្ងរ នៅតំបន់ហ្កាហ្សា ដែលបានបង្កឡើងដោយជម្លោះដែលកំពុងបន្ត និងភាពគ្មានច្បាប់ទម្លាប់ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៃអស្ថិរភាពក្នុងតំបន់ និងវិបត្តិដ៏សំខាន់ នៅក្នុងតំបន់ហ្កាហ្សា។
លោក បានផ្តល់ព័ត៌មានបច្ចុប្បន្នភាពគួរឲ្យព្រួយបារម្ភចំពោះស្ថានការណ៍នេះ ដោយនិយាយថា៖«ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែល និងការប្រយុទ្ធកាន់តែខ្លាំងក្លានៅទូទាំងតំបន់ហ្កា ហ្សា។ គ្រាប់រ៉ុក្កែត នៅតែបន្តត្រូវបានបាញ់ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា សំដៅទៅទីតាំងនានាដែលប្រជាជនអ៊ីស្រាអែល កំពុងរស់នៅ»។
លោក Rattray បានបន្ថែមថា ទីក្រុងរ៉ាហ្វា កំពុងត្រូវបានបំផ្លិចបំផ្លាញ ហើយច្រកឆ្លងកាត់ Rafah នៅតែបិទ ដែលរារាំងប្រតិបត្តិការមនុស្សធម៌បន្ថែមទៀត»។