
ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសលីបង់ លោក អាប់ដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib) កាលពីថ្ងៃពុធ បានព្រមានប្រឆាំងនឹង «ចេតនារបស់អ៊ីស្រាអែល» ក្នុងការបង្កើនសង្គ្រាមជាមួយលីបង់ ដោយបន្ថែមថា ការប៉ាន់ស្មានខុសណាមួយ នឹងទាញតំបន់ទាំងមូល ឲ្យធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅ។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក ប៊ូ ហាប៊ីប បាននិយាយថា ប្រសិនបើសង្រ្គាមកាន់តែធំ កើតឡើង វានឹងធ្វើឲ្យរង្គោះរង្គើមជ្ឈិមបូព៌ាទាំងមូល និងនាំឲ្យមានវិបត្តិផ្លាស់ទីលំនៅថ្មីនៅអឺរ៉ុប មិនត្រឹមតែមកពីប្រទេសលីបង់ និងអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសជិតខាងផងដែរដែលរត់គេចពីមីស៊ីល យានដ្រូន និងយន្តហោះចម្បាំង។
លោក បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការរំលោភលើទឹកដី សមុទ្រ និងផ្លូវអាកាសលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ ដែលបានរំលោភបំពានជាង ៣៥.០០០ លើក ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។

លោក ប៊ូ ហាប៊ីប ក៏បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណិត ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពនៃបណ្តាញ ឧបករណ៍ កម្មវិធី និងទិន្នន័យអេឡិចត្រូនិករបស់ប្រទេសលីបង់ នៅក្នុងកន្លែងសំខាន់ៗរបស់ប្រទេសនេះ ជាពិសេសព្រលានយន្តហោះបេរូត( Beirut) ដែលគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។