ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកក្នុងឆ្នាំនេះដល់ ៥ ភាគរយ ដោយសារការកើនឡើងនៃការនាំចេញក្នុងតំបន់ ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់ ខណៈ អតិផរណាត្រូវបានព្យាករថា នឹងធ្លាក់ចុះមកនៅត្រឹម ២,៩ ភាគរយ ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដល់ ៥ ភាគរយ ដែលការព្យាករពីមុនមានត្រឹម ៤,៩ ភាគរយ ដោយសារការកើនឡើងនៃការនាំចេញក្នុង តំបន់ ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់, ខណៈអតិផរណាត្រូវបានព្យាករថា នឹងធ្លាក់ចុះមកនៅត្រឹម ២,៩ ភាគរយ នៅឆ្នាំនេះ ស្របពេលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់មានការថមថយ នេះបើយោងតាមរបាយការណ៍ចុង ក្រោយ នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃម្សិលមិញនេះ។
ជុំវិញបញ្ហានេះ, លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB លើកឡើងថា ភាគច្រើននៃប្រទេសនៅអាស៊ី និងប៉ាស៊ី ហ្វិក កំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន។ មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើត គោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនអាចប៉ះពាល់ដល់ទស្សនវិស័យនេះរួមមាន៖ ភាពមិនច្បាស់ លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និងភាពតានតឹងភូមិសាស្ត នយោបាយ។ ខណៈពេលដែលអតិផរណាកំពុងថយទៅរកកម្រិតមុន មានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែ កើនឡើងនៅក្នុងប្រទេសមួយចំនួន។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់ នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹងការនាំចេញអាហារនៅក្នុងប្រទេសមួយចំនួន។
ចំណែកសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ ត្រូវបានរក្សានៅ ៤,៨ ភាគរយនៅឆ្នាំនេះ, ខណៈ ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏មិនផ្លាស់ប្ដូរដែរ ក្នុងអត្រា ៧ ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ នេះដែរ ។ ចំពោះតំបន់អាស៊ីអាគ្នេយ៍វិញ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦ ភាគរយ នៅឆ្នាំនេះ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ ទស្សនវិស័យឆ្នាំនេះសម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និងអាស៊ីកណ្ដាល នឹងកើនឡើងដល់ ៤,៥ ភាគរយ ពីការព្យាករពីមុន ៤,៣ ភាគរយ ដែលជំរុញខ្លះដោយកំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និងសាធារណរដ្ឋកៀហ្ស៊ីស៊ី។
ជុំវិញបញ្ហានេះ, ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុង តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារ នេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ អត្ថបទ៖ សុន រ៉ាឌី



