
យោងតាមការស្ទង់មតិថ្មីមួយ បានឲ្យដឹងថា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យជិត ២ភាគ៣ និយាយថា លោកប្រធានាធិបតីអាមេរិក លោក Joe Biden គួរតែដកខ្លួនពីការប្រកួតប្រជែងកៅអីសេតវិមាន ហើយអនុញ្ញាតឲ្យគណបក្សរបស់លោកតែងតាំងបេក្ខជនផ្សេង ដោយនេះជាការប៉ះពាល់យ៉ាងខ្លាំងក្លាដល់ការអះអាងក្រោយការជជែកដេញដោលរបស់លោក ដែលថា «អ្នកប្រជាធិបតេយ្យជាមធ្យមភាគ» នៅតែគាំទ្រលោក ទោះបីជាមាន «ឥស្សរជនជាន់ខ្ពស់» ខ្លះ កំពុងវាយប្រហាររូបលោកក៏ដោយ។
រយៈពេល ២សប្តាហ៍បន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលរបស់លោក ការស្ទង់មតិថ្មីដោយមជ្ឈមណ្ឌល AP-NORC សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ ដែលត្រូវបានធ្វើឡើង ក្នុងខណៈពេលដែលលោក Biden ប្រឹងប្រែងសង្គ្រោះបេក្ខភាពរបស់លោកនោះ ក៏បានរកឃើញថា មានតែអ្នកប្រជាធិបតេយ្យប្រហែល ៣នាក់ ក្នុងចំណោម ១០នាក់ប៉ុណ្ណោះដែលមានទំនុកចិត្តខ្លាំង ឬជឿជាក់យ៉ាងខ្លាំងថា លោកមានសមត្ថភាពផ្លូវចិត្តក្នុងការធ្វើតួនាទីជាប្រធានាធិបតីយ៉ាងមានប្រសិទ្ធភាព ដោយធ្លាក់ចុះបន្តិចពីចំនួន ៤០ភាគរយ នៅក្នុងការស្ទង់មតិរបស់ AP-NORC ក្នុងខែកុម្ភៈ។

ការរកឃើញនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលលោកប្រធានាធិបតីវ័យ ៨១ឆ្នាំ ជួបប្រទះ នៅពេលដែលលោកព្យាយាមរម្ងាប់នូវការអំពាវនាវពីក្នុងបក្សរបស់លោកឲ្យចាកចេញពីការប្រកួតប្រជែង ហើយព្យាយាមបញ្ចុះបញ្ចូលគណបក្សប្រជាធិបតេយ្យថា លោកជាបេក្ខជនដ៏ល្អបំផុត ដែលអាចយកឈ្នះលោក Donald Trump។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងភាគច្រើន មុនពេលមានការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍ លើលោក Trump នៅឯការជួបជុំធ្វើយុទ្ធនាការ ក្នុងរដ្ឋ Pennsylvania។ នៅមិនទាន់ច្បាស់ទេថា តើការបាញ់ប្រហារនោះ បានជះឥទ្ធិពលលើទស្សនៈរបស់មនុស្ស ចំពោះលោក Biden ដែរ ឬទេ។
យ៉ាងណាក្ដី សរុបមក ជនជាតិអាមេរិកចំនួន ៧នាក់ក្នុងចំណោម ១០នាក់គិតថា លោក Biden គួរតែដកខ្លួន ដោយគណបក្សប្រជាធិបតេយ្យទំនងជាមានទំនោរតិចជាងគណបក្សសាធារណរដ្ឋ និងក្រុមឯករាជ្យ ក្នុងការនិយាយថា លោកគួរតែបើកផ្លូវឲ្យបេក្ខជនថ្មីនោះ៕