ប្រណាំងម៉ូតូ៖ កីឡាករបារាំង Fabio Quartararo បានបន្តការពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក MotoGP ឆ្នាំនេះ បន្ទាប់ពីយកឈ្នះការប្រកួតនៅទីលាន Silverstone ចក្រភពអង់គ្លេសថ្ងៃអាទិត្យម្សិលមិញ។

កីឡាកររបស់ក្រុម Yamaha រូបនេះបានប្រជែងឈ្នះកីឡាករអេស្ប៉ាញទាំងពីរ Alex Rins ដែលបានលេខ២ និងលេខ៣ កីឡាករ Aleix Espargaro ដែលអ្នកទាំងបីប្រជែងគ្នាខ្លាំងមុនមកដល់ទីព្រ័ត្រ។ កីឡាករបារាំង Quartararo ចេញដំណើរនៅលំដាប់ទី៣ លើទីលាន និងឡើងមកនាំមុខគេភ្លាមៗ។ នេះជាជ័យជំនះ ៥ទីលានហើយសំរាប់កីឡាករវ័យ ២២ឆ្នាំរូបនេះក្នុងរដូវកាលនេះ ដែលធ្វើឱ្យគេពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោកឡើងដល់ ៤៧ពិន្ទុពីលើអ្នកលេខ២ កីឡាករអ៊ីតាលី Francesco Bagnaia របស់ក្រុម Ducati ស្មើពិន្ទុគ្នាជាមួយអ្នកលេខ៣ គឺកីឡាករអេស្ប៉ាញ Joan Mir។
ព្រឹត្តិការណ៍ MotoGP នៅចក្រភពអង់គ្លេសម្សិលមិញ បានក្លាយជាការប្រកួតដំបូងដែលកីឡាករជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ ជាកីឡាករដែលមកពីក្រុមប្រណាំងផ្សេងគ្នាទាំងអស់ពោលគឺ Quartararo លេខ១ ក្រុម Yamaha, លេខ២ Alex Rins ក្រុម Suzuki, លេខ៣ Aleix Espargaro ក្រុម Asprilia, លេខ៤ Jack Miller ក្រុម Ducati, លេខ៥ Pol Espargaro ក្រុម Honda និងលេខ៦ Brad Binder របស់ក្រុម KTM៕
អត្ថបទ៖នាង សុភាវុធ