
នៅក្នុងសុន្ទរកថា ដែលធ្វើឡើងតាមកញ្ចក់ទូរសទ្សន៍ បេក្ខជនអនុប្រធានាធិបតីដែលត្រូវបានជ្រើសរើសដោយ Donald Trump គឺលោក JD Vance បានប្តេជ្ញាប្រយុទ្ធប្រឆាំង ដើម្បីជនជាតិអាមេរិកវណ្ណៈការងារ ដែលលោកបានលើកហេតុផលថា ត្រូវបានគណបក្សប្រជាធិបតេយ្យ «មិនអើពើ និងបំភ្លេចចោល»។
ដោយណែនាំខ្លួនឯងដល់ប្រជាជនអាមេរិករាប់លាននាក់ ដែលកំពុងមើលទូរទស្សន៍ នៅឯគេហដ្ឋានរបស់ខ្លួន សមាជិកព្រឹទ្ធសភារដ្ឋ Ohio រូបនេះ បានរៀបរាប់ពីដំណើរដើមទងនៃជីវិតរបស់លោក នៅតំបន់ Midwest ខណៈដែលលោកបានវាយប្រហារលើ «អ្នកនយោបាយអាជីព» ដូចជាប្រធានាធិបតីអាមេរិក លោក Joe Biden។

ហើយជាមួយគ្នានេះ លោកបាននិយាយដល់សុន្ទរកថារបស់លោក នៅឯសន្និបាតគណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ថា លោក Trump គឺជា «ក្តីសង្ឃឹមដ៏ល្អបំផុតចុងក្រោយ» សម្រាប់ជនជាតិអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតខែវិច្ឆិកា លោក Trump និងមិត្តរួមតំណែងរបស់លោក នឹងប្រជែងយកកៅអីសេតវិមាន ទល់នឹងគណបក្សប្រជាធិបតេយ្យដែលបច្ចុប្បន្នលោក Biden និងអនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ជាបេក្ខជន។
សម្រាប់លោក Vance បុរសវ័យ ៣៩ឆ្នាំរូបនេះ កំពុងសង្ឃឹមថា នឹងក្លាយជាអនុប្រធានាធិបតីវ័យក្មេងបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកបានបង្ហាញពីការធ្វើដំណើររបស់លោកពីកុមារភាពដ៏លំបាក នៅក្នុងទីក្រុងតូចមួយនៃរដ្ឋ Ohio រហូតចូលបម្រើទាហានម៉ារីនសហរដ្ឋអាមេរិក រៀននៅសាលាច្បាប់ Yale និងចុងក្រោយ ការកា្លយជាមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៕