ភ្នំពេញ ៖ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងនៅថ្ងៃនេះថា នាយទាហានជំនាញបោសសម្អាតមីនចំនួន ៩ រូប នៃប្រទេសកូឡំប៊ី បានកំពុងទទួលការបណ្តុះបណ្តាលយ៉ាងដិតដល់ពីសំណាក់កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ក្នុងវគ្គហ្វឹកហ្វឺនបច្ចេកទេសស្តីពីការ ស្រាវជ្រាវទិន្នន័យចម្ការមីន និង បច្ចេកទេសបោសសម្អាតមីនដោយផ្ទាល់នៅកម្ពុជា ។បន្ថែមពីនេះ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់នឹងទៅបំពេញការហ្វឹកហ្វឺនជាក់ស្តែងនៅប្រទេសកូឡំប៊ីនាខែសីហាខាងមុខនេះ ផងដែរ ។
មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ២០២៤នេះ គឺចូលដល់សប្តាហ៍ទី២ហើយ ដែលនាយទាហានជំនាញបោសសម្អាតមីនចំនួន ៩ រូបនៃប្រទេសកូឡំប៊ី បានកំពុងទទួលការបណ្តុះ បណ្តាលក្នុងវគ្គហ្វឹកហ្វឺនបច្ចេកទេសស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និងបច្ចេកទេសបោសសម្អាតមីនដោយផ្ទាល់នៅកម្ពុជា ។
នាយទាហានកូឡំប៊ីទាំង9រូបនេះ ទទួលការបង្វឹកពីគ្រូជំនាញរបស់កម្ពុជា ដោយសិក្សាពីរបៀបរៀបចំផែនការបច្ចេកទេសស្រាវជ្រាវចម្ការមីន ការអនុវត្តនីតិវិធីបោសសម្អាតមីន ជាដើម រាប់ចាប់ពីថ្ងៃទី៩ ខែកក្កដាមក រហូតដល់ចុងខែកក្កដា ២០២៤ ខាងមុននេះ ។
ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសិក្ខាកាមកូឡំប៊ីទាំងនេះ បានចុះទៅទីវាលដើម្បីស្វែងយល់បន្ថែមពីនៃការស្រាវជ្រាវទិន្នន័យចម្ការមីន និង បច្ចេកទេសបោសសម្អាតមីន (Baseline Survey) តាមរយៈការធ្វើបទបង្ហាញនៅលើផែនទី ដែលមានការចូលរួមពីប្រពលរដ្ឋ ព្រះសង្ឃ និង សិស្សសាលាផងដែរ។
សូមបញ្ជាក់ថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ដែលនឹងទៅបំពេញការហ្វឹកហ្វឺនជាក់ស្តែងនៅប្រទេសកូឡំប៊ីបន្តទៀតនៅខែសីហាខាងមុខនេះ គឺក្រោមគម្រោងគាំទ្រពីរដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ(JICA) និងអង្គភាពស៊ីម៉ាក់ ៕ អត្ថបទ ៖ ភារម្យ











