ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែកក្កដា នេះ បានរៀបចំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ជាមួយនឹង ការដាំដើមឈើចម្រុះពីរពាន់ដើម នៅអមសងខាងផ្លូវ ទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
កម្មវិធីដែលដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានការចូលរួមដោយមន្ត្រី រាជការ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជា ច្រើននាក់ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិ សេស ដើម្បីថែរក្សា ការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដូច្នេះក្នុងទិសដៅបន្ត វេននូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ កក្កដា ។
លោកជំទាវ បានបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុង កិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតង ជាតិឱ្យល្បីល្បាញរន្ទឺជាប្រទេសមានការអភិវឌ្ឍបៃតងគំរូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក តាមគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០ ។
លោកជំទាវ បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំង និងប្រជាពលរដ្ឋ សូមបន្តកិច្ចសហប្រតិបត្តិការតាមគ្រប់ រូបភាពក្នុងការចូលរួមថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះ ដាលរីកចម្រើនច្រើន ជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ការគ្រប់គ្រង ព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពី គ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការ ក្នុងការ អភិវឌ្ឍវិស័យព្រៃឈើ ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីប្រារព្ធរុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួនពីរពាន់ដើម ដូចជា បេង គ្រញូង នាងនួន ធ្នង់ ក្ងោក ត្របែកព្រៃ ជើងគោ និងសាគូរ៉ា និងបានចែកកូនឈើជូនតាមអង្គភាពស្ថាប័នជុំវិញខេត្ត សាលារៀន និងប្រជាពលរដ្ឋផងដែរ ៕







