បាល់ទាត់៖ ក្រុមបាល់ទាត់ Wolfsburg នៅតែបន្តទំរង់លេងអស្ចារ្យរបស់ខ្លួនក្នុងរដូវកាលថ្មីនេះ ក្រោយយកឈ្នះ RB Leipzig ដែលជាជ័យជំនះ ៣ប្រកួតផ្ទួនៗឡើងមកកាន់កាប់កំពូលតារាង Bundesliga វិញ។

គ្រាប់បាល់ជ័យជំនះរបស់ Wolfsburg រកបានភ្លាមៗក្រោយសម្រាកវគ្គទី១ ដោយ Jerome Roussillon។ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Mark van Bommel, Wolfsburg នៅពេលនេះជាក្រុមតែមួយគត់នៅ Bundesliga រដូវកាលថ្មីដែលឈ្នះទាំង ៣ប្រកួត។ Bayern Munich កំពុងឈរលេខ២ ក្រោយសប្តាហ៍ទី៣ នេះបន្ទាប់ពីបំបាក់ Hertha Berlin ៥-០ កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ជាថ្មីម្តងទៀតរកបាន Hat-Trick ក្នុងការប្រកួតនេះ និងជាគ្រាប់បាល់ទី៣០០ របស់ខ្លួនផងដែរ។
Lewandowski នៅពេលនេះស៊ុតបញ្ចូលទីឱ្យ Bayern Munich ១៦ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌ និង ១៣ប្រកួតជាប់គ្នានៅ Bundesliga។ Robert Lewandowski នៅពេលនេះក៏កំពុងស្ថិតក្នុងគោលដៅរបស់ Paris Saint Germain ផងដែរដើម្បីជំនួសតំណែងរបស់ Kylian Mbappe ដែលអាចនឹងចាកចេញទៅ Real Madrid៕
អត្ថបទ៖នាង សុភាវុធ