
ក្រសួងការបរទេសទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មឯករាជ្យទៅលើក្រុមហ៊ុនដឹកជញ្ជូនហុងកុង និងនាវាដឹកទំនិញកូរ៉េខាងជើង ពីបទចូលរួមក្នុងការផ្ទេរធ្យូងថ្មរបស់កូរ៉េខាងជើង ដោយខុសច្បាប់ ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
ក្រសួង បាននិយាយថា រដ្ឋាភិបាល បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន HK Yilin Shipping Co. ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង ដែលជាម្ចាស់នាវាគ្មានរដ្ឋ DE YI និង នាវា Tok Song ដែលជានាវាដឹកទំនិញរបស់កូរ៉េខាងជើង បានចូលរួមក្នុងការផ្ទេរធ្យូងថ្មពីនាវាទៅនាវា។ ចំណាត់ការនេះ នឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃសុក្រតទៅ។

អាជ្ញាធរកូរ៉េខាងត្បូង បានរឹបអូសយកនាវា DE YI នៅក្នុងដែនទឹកនៃទីក្រុងកំពង់ផែ Yeosu តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង កាលពីខែមីនា ខណៈដែលវា កំពុងធ្វើដំណើរទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី។
ក្រសួង បានបញ្ជាក់ថា រដ្ឋាភិបាល បានសន្និដ្ឋានថា នាវាដឹកទំនិញមានទម្ងន់ ៣.000តោន បានដឹកធ្យូងថ្មកូរ៉េខាងជើងប្រហែល ៤.៥០០តោន បន្ទាប់ពីដឹកជញ្ជូនចេញពីនាវាTok Song ក្នុងដែនទឹកនៃទីក្រុងកំពង់ផែ Nampo ភាគខាងលិចនៃប្រទេសកូរ៉េខាងជើង។