
ភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងតស៊ូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺក្នុងចំណោមអ្នកផ្លាស់ទីលំនៅ នៅតំបន់ហ្កាហ្សាស្ទ្រីប។
ទីភ្នាក់ងារ UNRWA បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«សីតុណ្ហភាពខ្ពស់ ភាពចង្អៀតណែនធ្ងន់ធ្ងរ កង្វះទឹក និងកង្វះខាតអនាម័យផ្ទាល់ខ្លួន និងសម្ភារៈផ្គត់ផ្គង់សម្អាត ដូចជាសាប៊ូ សាប៊ូកក់សក់ និងថ្នាំសម្លាប់មេរោគ នាំឲ្យមានការកើនការឆ្លងមេរោគលើស្បែក និងការចម្លងរោគដោយបាក់តេរីក្នុងចំណោមអ្នកផ្លាស់ទីលំនៅទាំងនោះ។

ទីភ្នាក់ងារ UN នេះ បាននិយាយថា ខ្លួនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងការរីករាលដាលនៃការឆ្លងមេរោគនេះ និងទប់ស្កាត់ការរីករាលដាលនៃករណីស្រដៀងគ្នានេះ តាមរយៈមណ្ឌលសុខភាពរបស់ខ្លួន ទោះបីជាធនធានមានកម្រិត និងកង្វះឱសថ នៅក្នុងឃ្លាំងរបស់ខ្លួនក៏ដោយ។
ទីភ្នាក់ងារនេះ បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។