អាមេរិក៖ មន្ទីរពេទ្យនៅផ្នែកខ្លះនៃភាគខាងត្បូងកំពុងខ្វះការផ្គត់ផ្គង់អុកស៊ីសែន ខណៈករណីឆ្លងវីរុស Covid-19 និងចំនួនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យកំពុងបន្តកើនឡើង ដែលបណ្តាលមកពីមនុស្សជាច្រើនដែលនៅតែមិនទាន់បានចាក់វ៉ាក់សាំង និងការចម្លងដ៏គ្រោះថ្នាក់នៃវីរុសកូរ៉ូណាបម្លែងខ្លួនថ្មីដែលបានឆ្លងដល់ជនជាតិអាមេរិករាប់លាននាក់។

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកមានករណីឆ្លងសរុបចំនួន ៣៩,៦៦៥,៥១៥នាក់ ស្លាប់ចំនួន ៦៥៤,៦៨៩នាក់ និងជាសះស្បើយចំនួន ៣០,៨២៦,៤៧៨នាក់។ យោងតាមមន្ត្រីសុខាភិបាលរដ្ឋ និងអ្នកប្រឹក្សាមន្ទីរពេទ្យបាននិយាយថា មន្ទីរពេទ្យជាច្រើននៅរដ្ឋ Florida, South Carolina, Texas និងរដ្ឋ Louisiana កំពុងជួបបញ្ហាកង្វះអុកស៊ីសែន។ អ្នកខ្លះប្រឈមនឹងហានិភ័យដែលត្រូវប្រើការផ្គត់ផ្គង់អ៊ុកស៊ីសែនបម្រុង ឬហានិភ័យអស់អុកស៊ីសែនភ្លាមៗ។
កាលពីថ្ងៃសៅរ៍ រដ្ឋ Florida មានអត្រាអ្នកជំងឺ Covid-19 ចូលសម្រាកនៅមន្ទីរពេទ្យខ្ពស់បំផុតនៅក្នុងប្រទេសដោយមានអ្នកជំងឺ ៧៥នាក់ក្នុងចំណោមប្រជាជន ១០០.០០០នាក់នៅក្នុងមន្ទីរពេទ្យដែលមានវីរុសនេះ នេះបើយោងតាមទិន្នន័យពីមន្ត្រីសុខាភិបាលសហព័ន្ធ និងសាកលវិទ្យាល័យ Johns Hopkins។ យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងហៅកាត់ថា CDC គិតត្រឹមថ្ងៃសៅរ៍ចំនួនប្រជាជនទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ឬពេញលេញទូទាំងប្រទេសមានត្រឹម ៥២.១% ប៉ុណ្ណោះ៕
អត្ថបទ៖ សុខមាន