
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ្នករត់ចោលស្រុកកូរ៉េខាងជើងដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាប្រឹក្សាប្រធានាធិបតីថ្មីទទួលបន្ទុកកិច្ចការបង្រួបបង្រួម។
ប្រធានបុគ្គលិក លោក Chung Jin-suk បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា លោកប្រធានាធិបតី Yoon Suk Yeol បានជ្រើសរើសលោក Tae Yong-ho អតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំនៅចក្រភពអង់គ្លេស ជាអគ្គលេខាធិការក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមសន្តិភាព។

លោក Tae កើតនៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ ១៩៦២ គឺជាអ្នករត់ចោលស្រុកកូរ៉េខាងជើងដំបូងគេដែលបម្រើក្នុងតំណែងអនុរដ្ឋមន្ត្រី ចាប់តាំងពីក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៨០។
លោក Tae បានភៀសខ្លួនទៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៦ ជាការរត់គេចខ្លួនដែលគេដឹងជាសាធារណៈដោយសារលោកមានឋានៈជាអ្នកការទូតកូរ៉េខាងជើង។ លោក បានជាប់ឆ្នោតនៅក្នុងសង្កាត់ Gangnam ដ៏សម្បូរធនធាន ក្នុងទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០២០ ក្នុងនាមជាសមាជិកសភានៃគណបក្សអំណាចប្រជាជន ដែលកំពុងគ្រប់គ្រង ប៉ុន្តែបានបរាជ័យមិនទទួលបានអាណត្តិទី២ នៅក្នុងការបោះឆ្នោតសភា ខែមេសាកន្លងទៅ។