កោះកុង- លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងមុននេះថា ទីតាំងចំណោតវរ:២ លើកំណាត់ផ្លូវជាតិលេខ៤៨ គឺត្រង់ចំណុចគីឡូលេខ១៤២ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទទួលគរគី ស្រុកមណ្ឌលសីមា ត្រូវបានកែសម្រួលចរាចរណ៍ជាបណ្តោះអាសន្នឡើងវិញហើយ ខណៈជាទីតាំងខាងលើកំពុងមានការដ្ឋានស្ថាបនាផ្លូវ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត បានបន្តល្ងាចថ្ងៃួទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ២ថ្ងៃមកនេះអាកាសធាតុមានភ្លៀងធ្លាក់ច្រើនដែលបណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ៤៨មួយចំនួនរងប៉ះពាល់ផលដោយសារតែចរន្តទឹកហូរកាត់លើផ្លូវធ្វើឱ្យមានការច្រោះដីពិបាកចរាចរណ៍ទៅមក។ ប៉ុន្តែទោះយ៉ាងណា ក៏ក្រុមការងារកំពុងដុតដៃដុតជើងកាយសម្រួលឱ្យល្អប្រសើរឡើងវិញ។
ទន្ទឹមនោះ លោក អន ដាវុធ ក៏ស្នើដល់គ្រប់អ្នកបើកបរយានយន្តទាំងអស់ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤៨ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ជារថយន្តរបស់ខ្លួន ព្រោះស្ថានភាពមួយចំនួនរអិល កុំបើកបរហួសលឿនឡើងចុះចំណោតបត់បែន កុំដឹកទំនិញលើសទម្ងន់កំណត់ និងមានភ្លៀងធ្លាក់ខ្លាំងពិបាកមើលផ្លូវ។ ចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយអំឡុងពេលបើកបរ៕ អត្តបទៈឈឹម មករា



