អគ្គសេនាធិការចម្រុះ (JCS) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបង្ហោះបាឡុងសាជាថ្មី ដែលសន្មតថា កំពុងផ្ទុកសំរាមទៅកាន់កូរ៉េខាងត្បូង។
JCS បាននិយាយថា បាឡុងទាំងនោះ ហាក់ដូចជាកំពុងហោះឆ្ពោះទៅភាគខាងជើងនៃខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល។
JCS បានណែនាំសាធារណជន កុំឲ្យប៉ះពាល់បាឡុងដែលធ្លាក់ ហើយរាយការណ៍ទៅយោធា ឬនគរបាល។
ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា បានបង្ហោះបាឡុងផ្ទុកសំរាមច្រើនជាង ២.០០០បាឡុង ចាប់តាំងពីចុងខែឧសភា ក្នុងសកម្មភាពប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលផ្ញើដោយអ្នករត់ចោលស្រុកកូរ៉េខាងជើងនិងសកម្មជន នៅភាគខាងត្បូង។
កាលពីថ្ងៃអង្គារ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា កូរ៉េខាងត្បូង នឹងប្រឈមមុខនឹងផលវិបាក«ដ៏ធ្ងន់ធ្ងរ និងគួរឲ្យឈឺចាប់់ ប្រសិនបើខ្លួនអនុញ្ញាតឲ្យជនភៀសខ្លួនកូរ៉េខាងជើង បន្តបញ្ជូនខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ទៅកាន់កូរ៉េខាងជើងនោះ។