មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា កងនាវាចម្បាំងអ៊ីតាលី ដែលដាក់ពង្រាយជាលើកដំបូង នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងទៅកាន់ប្រទេសហ្វីលីពីន បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី។
ការសម្រេចនេះ កើតឡើង ចំពេលមានការកើនឡើងនូវភាពតានតឹង រវាងប្រទេសចិន និងប្រទេសជិតខាងមួយចំនួន នៅតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ពាណិជ្ជកម្មបរទេសប្រហែល ៤០ភាគរយរបស់អឺរ៉ុប ធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ជាកន្លែងដែលសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសផ្សេងទៀត បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាដែលពួកគេលើកឡើងថា រក្សាសេរីភាពនៃការធ្វើនាវាចរណ៍។ ប្រទេសចិនទាមទារស្ទើរតែទាំងមូលនៃផ្លូវទឹកយុទ្ធសាស្ត្រនេះ។
នាវាផ្ទុកយន្តហោះអ៊ីតាលី Cavour កំពុងស្ថិតនៅក្នុងទីក្រុង Darwin ភាគខាងជើងអូស្ត្រាលី ដើម្បីចូលរួមក្នុងសមយុទ្ធឈ្មោះ «Pitch Black» ក្នុងសប្តាហ៍នេះ ជាកន្លែងដែលប្រទេសអ៊ីតាលីកំពុងរួមចំណែកផ្ដល់យន្តហោះចម្បាំងជិត ២៤គ្រឿងដល់សមយុទ្ធដែលមានវត្តមានពីប្រទេសចំនួន ២០ រួមជាមួយម្ចាស់ផ្ទះអូស្ត្រាលី។ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន ហ្វីលីពីន និងប៉ាពួ ញូវ ហ្គីណេ ក៏បានចូលរួមផងដែរ ក្នុងលំហាត់សមនេះ។
ឧត្តមនាវីទោកងទ័ពជើងទឹកអ៊ីតាលី លោក Giancarlo Ciappina បាននិយាយថា នេះគឺជាលើកទី១ ហើយ ដែលនាវាផ្ទុកយន្តហោះ បានចូលរួមក្នុងសមយុទ្ធនេះ៕