បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham រកបានគ្រាប់ដំបូងនៅក្របខណ្ឌអ៊ីតាលី Serie A តាំងពីផ្ទេរពី Chelsea ខណៈ AS Roma យកឈ្នះនៅទឹកដី Salernitana ៤-០។ គ្រាប់បាល់បញ្ចូលទីរបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវរង់ចាំដល់នាទីទី៦៩ ក្នុងការប្រកួតដែលជាគ្រាប់នាំមុខ ៣-០ របស់ Roma បន្ទាប់ពី Lorenzo Pellegrini និង Jordan Veretout រកបានម្នាក់មួយគ្រាប់។

ក្រោយមក Pellegrini ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួន និងគ្រាប់ចុងក្រោយឱ្យ Roma យកឈ្នះនៅទឹកដី Salernitana ៤-០។ សប្តាហ៍មុន Tammy Abraham ក៏បានបង្ហាញខ្លួនផងដែរពេល Roma យកឈ្នះ Fiorentina ២-១ ដែលពីរគ្រាប់នោះគេគឺជាអ្នកបញ្ជូនទាំងពីរ។ នេះជាជ័យជំនះពីរប្រកួតជាប់គ្នាផងដែរសំរាប់រដូវកាលថ្មីនេះរបស់ Roma ដែលស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho។

ចំណែក AC Milan យប់មិញក៏រកបានបីពិន្ទុដែរដោយបំបាក់ Cagliari ៤-១ ដោយក្នុងនោះអតីតខ្សែប្រយុទ្ធ Chelsea មួយរូបទៀត Olivier Giroud រកបានពីរគ្រាប់ម្នាក់ឯង។ Sandro Tonali និង Rafael Leao រកបានម្នាក់មួយគ្រាប់មុនពេលដែល Olivier Giroud រកបានពីរគ្រាប់នៅនាទីទី២៤ និងនាទីទី៤៣ ដោយបាល់ ១១ម៉ែត្រ។ AC Milan ក៏ឈ្នះពីរប្រកួតជាប់គ្នាដែររដូវកាលថ្មីនេះមាន ៦ពិន្ទុពេញដូចគ្នានឹង Inter Milan, Lazio និង Napoli លើកលែងតែ Juventus ដែលមិនស្គាល់ឈ្នះនៅឡើយក្រោយស្មើប្រកួតដំបូង និងចាញ់ Empoli ក្នុងដីខ្លួនឯង ១-០ កាលពីថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ