មន្រ្តីនគរបាលនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ពួកឧទ្ទាមម៉ៅនិយមយ៉ាងហោច ១២នាក់ ក្នុងស្រុក Gadchiroli នៅរដ្ឋភាគខាងលិច Maharashtra ។
ការផ្ទុះអាវុធ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយនគរបាលទទួលបានព័ត៌មានបញ្ជាក់ពីវត្តមានរបស់ពួកឧទ្ទាមម៉ៅនិយមសង្ស័យនៅតំបន់នោះ ។
នគរបាលនិយាយថា នៅក្នុងចំណោមក្រុមឧទ្ទាមដែលត្រូវបានសម្លាប់ រួមមានបុរស ៧នាក់ និងស្រ្តី ៥នាក់ ។
អាវុធធន់ធ្ងន់ និងគ្រាប់រំសេវ រួមទាំងកាំភ្លើងស្វ័យប្រវត្តិ ត្រូវបានរឹបអូសពីន្លែងកើតហេតុ ក្រោយឧបទ្ទេវហេតុកើតឡើង ។
ពួកឧទ្ទាមដែលយកលំនាំតាមលទ្ធិកុម្មុយនិស្តផ្សព្វផ្សាយដោយអតីតមេដឹនាំចិនលោកម៉ៅ សេទុង នោះ បានបង្កជម្លោះបែបទ័ពព្រៃជាមួយរដ្ឋាភិបាល នៅតំបន់ភាគកណ្តាល និងភាគកើតប្រទេសឥណ្ឌា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាហេតុនាំឲ្យមានការប៉ះទង្គិចគ្នា និងគ្រោះថ្នាក់នៅភាគីទាំងសងខាង ៕