បក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី To Lam បានចូលកាន់តំណែងជាប្រធានបក្សជំនួសលោក Nguyen Phu Trong ដែលកំពុងផ្តោតលើការព្យាបាលមិនកំណត់ជាក់លាក់ ចំពោះសុខភាពរបស់លោក។
ការសម្រេចដ៏សំខាន់នេះ កើតមានឡើងបន្ទាប់ពីមានការលេចឮមកជាច្រើនខែមកហើយ ដែលថា សុខភាពរបស់លោក Trong កំពុងចុះខ្សោយ។ តែយ៉ាងណាក្ដី ខាងបក្សមិនបានបញ្ជាក់ថា តើលោកកំពុងទទួលការព្យាបាលពាក់ព័ន្ធនឹងជំងឺអ្វីនោះឡើយ។
ចំណែកលោក Lam ដែលជាអតីតប្រធានសន្តិសុខផ្ទៃក្នុងរបស់បក្ស ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខជននាំមុខគេ ក្នុងការមកជំនួសតំណែងរបស់លោក Trong នៅពេលអាណត្តិរបស់លោកបញ្ចប់នៅឆ្នាំ២០២៦។ ការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់បក្ស បានប្រគល់ភារកិច្ចឲ្យលោកធ្វើតួនាទីជាប្រមុខដឹកនាំ «ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យមជ្ឈមរបស់បក្ស។
ទោះបីជាវៀតណាម ជាផ្លូវការមិនមានមេដឹកនាំកំពូលក៏ដោយ ក៏ប្រធានបក្សកាន់តំណែងដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ។ លោក Trong វ័យ ៨០ឆ្នាំ បានកាន់តំណែងតាំងពីឆ្នាំ២០១១ មកម៉្លេះ៕