
ក្រុមអាជ្ញាធរនិយាយថា មនុស្ស ២នាក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌានាថ្ងៃព្រហស្បតិ៍នេះ ។
រូបភាពវីដអូឃ្លីបរបស់ទូរទស្សន៍ឃើញ ទូរថភ្លើងរបស់ក្រុមហ៊ុន Chandigarh-Dibrugarh Express ដែលផ្តល់សេវាកម្មដឹកអ្នកដំណើរចេញពីរដ្ឋនៅភាគខាងជើងប្រទេស ទៅកាន់រដ្ឋភាគខាងកើត Assam បានធ្លាក់ផ្លូវ ក្នុងនោះអ្នកដំណើរអង្គុយខាងក្រៅជាមួយអីវ៉ាន់របស់ពួកគេ ។

ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនេះដែរ បានកើតឡើងនៅស្រុក Gonda ស្ថិតនៅចម្ងាយជាង ១០០គ.មពីរដ្ឋធានី Lucknow ។
ស្នងការជួយសង្រ្គោះរដ្ឋ Uttar Pradesh និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមគ្រូពេទ្យ បាននៅកន្លែងកើតហេតុ ដើម្បីព្យាបាលអ្នករងរបួស មុនពេលបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ ។
ឧបទ្ទេវហេតុរថភ្លើងធ្លាក់ផ្លូវនេះ បានកើតឡើងនៅវេលាម៉ោង ២ និង ៣០នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ហើយសេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា ទូរថភ្លើងចំនួន ៥ទូ បានធ្លាក់ផ្លូវ ។
ដោយឡែក មូលហេតុបណ្តាលឲ្យរថភ្លើងធ្លាក់ផ្លូវ មិនត្រូវបានដឹងច្បាស់ភ្លាមៗនោះទេ រង់ចាំការស៊ើបអង្កេតជាមុនសិន ៕