លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ភាពស្អិតរមួតរបស់កម្ពុជា និងចិន នាពេលបច្ចុប្បន្ននេះបានកើតឡើងស្ទើតែហួសកម្រិតទំនាក់ទំនងការទួតទៅទៀត ហើយការស្និទ្ធស្នាលនេះ បានធ្វើឲុ្យប្រទេសខ្លះមានភាពច្រណែន រហូតដល់បង្កើតរឿង និងលាបពណ៌ផ្សេងៗដល់កម្ពុជាជាដើមផងដែរ។
ក្នុងកិច្ចសម្ភាសន៍តុមូលជាមួយទូរទស្សន៍BTV ប្រធានវេទិកាសន្តិភាពកម្ពុជារូបនេះ បាននិយាយ ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងភាគីចិនគឺបានចាប់ផ្តើមតាំងពីយូរលង់ណាស់មកហើយ ពោលគឺចាប់តាំងពីសម័យអតីតព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋមកម្លេះ ដោយទំនាក់ទំនងនេះបានរីកចម្រើនរហូតដល់យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បានកសាងនូវមិត្តភាពដ៏ល្អ ដោយចាត់ទុកថា វាជាស្ពាន ជាផ្លូវ និងជាខ្សែរក្រវ៉ាត់មួយដ៏រឹមមាំ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ (កម្ពុជា-ចិន)។
ទំនាក់ទំនងរវាងកម្ពុជា និងចិនអស់រយៈពេល៦៦ ឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ២០២៤នេះរដ្ឋា ភិបាលនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរនេះ លោក សួន សេរីរដ្ឋា បានលើកឡើងថា ចិនបានធ្វើអ្វីទៅតាមការសន្យារបស់ខ្លួនជាមួយកម្ពុជា ដោយចិនបានទម្លាក់ក្រុមអ្នកវិនិយោគិនរបស់ខ្លួន ឲ្យមកធ្វើការសិក្សាអំពីសក្តានុពលនៅកម្ពុជាដើម្បីដាក់ទុនវិនិយោគ ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ និងបន្ទាប់មកចិនបានផ្តល់ជាជំនួយជាច្រើនសម្រាប់ការកសាងនូវហេដ្ឋា រចនាសម្ព័ន្ធដល់កម្ពុជា និងពេលចុងក្រោយនេះចិនបានបើកចំហរនូវទីផ្សាសម្រាប់ទិញនូវផលិតផល កសិកម្មរបស់កម្ពុជា ជាច្រើនផងដែរសម្រាប់លក់នៅប្រទេសចិននោះ។
ជាមួយគ្នានោះដែរ លោក សួន សេរីរដ្ឋា ក៏បានលើកឡើងផងដែរថា ខណៈចិនគេជួយ និងឆ្លៀត ឱកាសមកដាក់ទុនវិនិយោគ និងទេសចរណនៅកម្ពុជាហើយនោះ កម្ពុជាគប្បីត្រូវជួយគេវិញ ដោយក្នុងនោះត្រូវមានសុច្ចរិតភាព និងគុណធម៌ចំពោះអ្នកវិនិយោគ និងអ្នកទេសចរណ៍ទាំងនោះផងដែរ ខណៈគេ មកស្រុកយើងហើយគប្បីធ្វើការគោរព និងផ្តល់ភាពស្មោះត្រង់ដល់គេ កុំគិតតម្លៃជើងសារ(ពុករលួយ) ដែលធ្វើឲ្យពួកគេមានការថ្នាំងថ្នាក់ចំពោះការមកកម្ពុជា ដោយសារតែការចំណាយខុសខ្ទង់របស់ពួកគេ ហើយបែរធ្វើឲ្យគេសម្រេចចិត្តទៅប្រទេសជិតខាងយើងវិញដោយសារតែប្រទេសគេស្អាតស្អំ មិនគិតអំពី សេវានេះសេវានោះជាដើមនោះ៕ អត្ថបទ៖ បាន ចក់