ព្រះស៊ីហនុ ៖ គ្រូពេទ្យជួរមុខប្រយុទ្ធកូវីដ១៩ម្នាក់ នៅខេត្តព្រះសីហនុ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែទាំអ្នកជំងឺកូវីដ១៩ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នេះបើយោងតាមលិខិតរំលែកទុក្ខ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើចំពោះក្រុមគ្រួសារនៃសព។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងសុខាភិបាលមានក្តីក្តុកក្តួល រន្ធត់ ដោយទទួលដំណឹងថា កញ្ញា អុឹម ស្រីនិ មន្ត្រីសុខាភិបាល បម្រីការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១០៖០០នាទីយប់ ក្នុងវ័យ២៨ឆ្នា ដោយសារជំងឺកូវីដ១៩។ គួរកត់សំគាល់ថា នេះជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកថែទាំអ្នកជំងឺកូវីដ១៩ ហើយក៏បានធ្លាក់ខ្លួនជាអ្នកជំងឺកូវីដ១៩ រហូតបានទទួលមរណភាពដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ។
ជុំវិញមរណភាពរបស់គ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នេះ នៅតាមបណ្តាញសង្គមនានាពិសេសហ្វេសប៊ុក មានពលរដ្ឋជាច្រើនបានចែករំលែកបន្តគ្នានូវរូបថតសខ្មៅនៃអ្នកគ្រូពេទ្យដែលបានបាត់បង់ជីវិត ដោយភ្ជាប់ជាសារខ្លីៗ សំដែងការសោកស្តាយ និង រន្ធត់ពន់ពេក នៅពេលឃើញគ្រូពេទ្យដែលខិតខំលះបង់អស់ពីកម្លាំងកាយចិត្ត បានតស៊ូក្នុងសមរភូមិកូវីដមើលថែអ្នកជំងឺ បែរជាបានឆ្លងជំងឺនេះធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិតបែបនេះ។ ក្នុងនោះសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរតាមទំព័រហ្វេសប៊ុកចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អុឹម ស្រីនិ ដែលបានពលិកម្មដោយសារវីរុសអប្រិយកូវីដ១៩ ,ចំណែកឯគណៈគ្រប់គ្រងអ្នកសំរបសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់កម្ពុជា ក៏បានសរសេរសាររំលែកទុកក្រៀមក្រំជាទីបំផុត បង្ហោះតាមផេកហ្វេសប៊ុកដោយចងចាំគំរូវីរភាពរបស់់អ្នកគ្រូពេទ្យក្នុងចិត្តជានិច្ច ដែលបានលះបង់គ្មានគិតការនឿយហត់ក្នុងសមរភូមិកូវីដនេះ។ បន្ថែមលើសពីនេះលោកជំទាវ ពេជ ច័ន្ទមុនី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃនេះ តាមទំព័រហ្វេសប៊ុករបស់លោកជំទាវ ក៏បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះដំណឹងមរណភាពនេះ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយការការលះបង់ដើម្បីជាតិគឺនឹងនៅឋិតក្នុងចិត្តនៃពលរដ្ឋកម្ពុជាជានិច្ចផងដែរ៕



