ចំហេះព្រៃដ៏សន្ធោសន្ធៅបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២ នាក់ និងបង្ករបួស ៤ នាក់ទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ខណៈដែលអណ្តាតភ្លើងបានបំផ្លិចបំផ្លាញព្រៃឈើ និងបង្កការខូចខាតនៅក្នុងបណ្តាប្រទេសមួយចំនួននៅភាគខាងត្បូងអឺរ៉ុប ស្របពេលមានរលកកម្ដៅខ្លាំង។

អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យអ៊ីតាលី ២នាក់បានបាត់បង់ជីវិតនៅរសៀលថ្ងៃពុធ ក្នុងអំឡុងពេលប្រតិបត្តិការពន្លត់ចំហេះព្រៃនៅទីក្រុង ណូវ៉ា ស៊ីរី (Nova Siri) ក្នុងខេត្ត ម៉ាតេរ៉ា (Matera) ភាគខាងត្បូង។

ដោយសាររលកកម្ដៅដ៏ខ្លាំងក្លានៅតែបន្តកើតមាន ចំហេះព្រៃបាននិងកំពុងផ្ទុះឡើងស្ទើរតែរាល់ថ្ងៃនៅអ៊ីតាលី ជាពិសេសនៅភាគខាងត្បូង និងនៅលើប្រជុំកោះរបស់ខ្លួន។ នៅប្រទេសក្រិក អ្នកពន្លត់អគ្គិភ័យ ៤នាក់បានរងរបួសកាលពីថ្ងៃពុធ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់ប្រទេស។
ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ ចំហេះព្រៃនៅក្នុងប្រទេសម៉ាសេដូនីខាងជើង បានបណ្តាលឱ្យច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងប្រទេសនេះ ជាមួយក្រិកត្រូវបិទ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ចំហេះព្រៃដ៏សន្ធោសន្ធៅមួយកន្លែងបានកើតឡើងនៅភាគខាងលិចប្រទេសស្លូវេនី។ ចំហេះព្រៃក៏កំពុងតែបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសមួយចំនួនទៀតក្នុងតំបន់នេះផងដែររួមមាន ម៉ុលដាវី បូស្នី និងហឺហ្សេហ្គោវីណា (Herzegovina) រូម៉ានី និងក្រូអាស៊ីជាដើម៕