ក្រសួងសុខាភិបាលនៃទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថា វេជ្ជបណ្ឌិតហាត់ការរបស់កូរ៉េខាងត្បូង ដែលបានចេញធ្វើកូដកម្ម ភាគច្រើននឹងមិនត្រលប់ទៅធ្វើការនៅមន្ទីរពេទ្យវិញទេ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបញ្ចុះបញ្ចូលពួកគេក៏ដោយ ដែលនោះជាការវាយប្រហារដ៏ធំមួយចំពោះប្រព័ន្ធសុខាភិបាល ដែលបានមានភាពចលាចលអស់ជាច្រើនខែមកហើយ។

គ្រូពេទ្យហាត់ការ (សិក្ខាកាម) ប្រហែល ១២.០០០នាក់បានឈប់ធ្វើការនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាលដែលមានគោលបំណងបង្កើតចំនួនគ្រូពេទ្យបន្ថែមទៀតដើម្បីដោះស្រាយកង្វះខាត ដោយបង្ខំឱ្យមានការលុបចោលការវះកាត់ និងការព្យាបាលសំខាន់ៗផ្សេងទៀត។

រដ្ឋាភិបាលបានបដិសេធមិនលុបចោលកំណែទម្រង់នេះទេ ដែលខ្លួននិយាយថាមានសារៈសំខាន់ក្នុងការថែទាំចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រទេស ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលបានស្វះស្វែងជំរុញគ្រូពេទ្យឱ្យមកធ្វើការវិញ ដោយនិយាយថាពួកគេនឹងមិនប្រឈមនឹងការពិន័យនោះទេ។

ក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មាន AFP ថា គិតត្រឹមព្រឹកថ្ងៃពុធ (១៧ កក្កដា) មានតែគ្រូពេទ្យហាត់ការ ៨,៤ភាគរយប៉ុណ្ណោះ នៅមន្ទីរពេទ្យរដ្ឋចំនួន ២១១កន្លែងទូទាំងប្រទេសដែលបានមកធ្វើការវិញ។ គ្រូពេទ្យដែលតវ៉ាជាច្រើនបានលាឈប់ពីការងារនៅដើមដំបូងនៃកូដកម្ម ហើយថ្មីៗនេះរដ្ឋាភិបាលបានប្រាប់មន្ទីរពេទ្យឱ្យចាប់ផ្ដើមបញ្ឈប់ការងារអ្នកដែលមិនមកធ្វើការត្រឹមថ្ងៃចន្ទ ដើម្បីអាចឱ្យពួកគេរកការងារធ្វើនៅកន្លែងផ្សេងទៀត៕