ប្រទេសចិនបានតវ៉ាប្រឆាំងនឹងការទាមទារចុងក្រោយរបស់វៀតណាមចំពោះតំបន់ខ្ពង់រាបសមុទ្រទឹករាក់ លាតសន្ធឹងក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីសំណើស្រដៀងគ្នានេះធ្វើឡើងដោយហ្វីលីពីនកាលពីខែមុន។

យោងតាមក្រសួងការបរទេសរបស់ប្រទេសវៀតណាម ប្រទេសនេះបានដាក់បណ្ដឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់គណៈកម្មការនៃអង្គការសហប្រជាជាតិស្តីពីការកំណត់តំបន់បាតសមុទ្រទឹករ៉ាក់ ឬលំហរសមុទ្រទឹករាក់ (CLCS) ដើម្បីស្វែងរកសុពលភាពជាផ្លូវការនៃព្រំដែនខាងក្រៅនៃតំបន់បាត មុទ្រទឹករ៉ាក់ ស្របច្បាប់របស់ខ្លួនលើសពីដែនកំណត់ទំហំ៣៧០គីឡូម៉ែត្រ នៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានទទួលស្គាល់ ទីក្រុងហាណូយនឹងទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្មធនធានធម្មជាតិនៅលើតំបន់ទឹករ៉ាក់នេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ការដាក់បណ្ដឹងរបស់វៀតណាមបានធ្វើឡើងបន្ទាប់ពីហ្វីលីពីនបានដាក់សំណើស្រដៀងគ្នានេះកាលពីខែមិថុនា ដើម្បីស្វែងរកការបញ្ជាក់អំពីវិសាលភាពនៃតំបន់បាតសមុទ្រទឹករាក់របស់ខ្លួននៅភាគខាងលិចនៃខេត្ត ផាឡាវ៉ាន់ (Palawan)របស់ហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លី ជាន (Lin Jian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការទាមទារជាឯកតោភាគី របស់វៀតណាមរួមមានតំបន់ដែនសមុទ្រ ដែលគ្របដណ្តប់ផ្នែកខ្លះនៃប្រជុំកោះស្ព្រាតលី (Spratly) រំលោភលើអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្រ របស់ចិន៕