សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលធ្លាប់ជាបេក្ខភាពដៃគូរួមដំណែងរបស់លោក Donald Trump ក្នុងយុទ្ធនាការប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថា លោករំពឹងថាសហរដ្ឋអាមេរិក នឹងបន្តគាំទ្រកោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក Trump ។

លោក Trump បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងសិទ្ធិមួយនេះ ជាមួយនឹងការលើកឡើងរបស់លោកនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៥ ខែមិថុនា ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ដោយក្នុងនោះលោកបាននិយាយថា កោះតៃវ៉ាន់គួរតែបង់ប្រាក់ឱ្យសហរដ្ឋអាមេរិក សម្រាប់ការការពាររបស់ខ្លួន។

ព្រឹទ្ធសមាជិករដ្ឋហ្វ្លរីដា (Florida) ដែលជាសំឡេងដ៏សំខាន់មួយលើគោលនយោបាយការបរទេសអាមេរិកក្នុងនាមជាសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា និងជាសមាជិកសភាជាន់ខ្ពស់បំផុតនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភារូបនេះបាននិយាយថា លោករំពឹងថាលោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើលោកឈ្នះតំណែងសេតវិមានម្ដងទៀត។

ទោះបីជាមានតែទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះ ក្នុងការប្រឈមមុខនឹងសម្ពាធយោធាកើនឡើងជាច្រើនឆ្នាំពីចិន ដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕