តាមសេចក្តីរាយការណ៍ លោក បារ៉ាក់ អូបាម៉ា បានប្រាប់សម្ព័ន្ធមិត្តថា លោក Joe Biden ត្រូវតែពិចារណាឡើងវិញថាតើត្រូវបន្តការប្រជែងសម្រាប់សេតវិមានដែរឬយ៉ាងណា ខណៈប្រធានាធិបតីអាមេរិករូបនេះ នៅតែបន្តស្នាក់នៅក្នុងលំនៅឋានរបស់លោក ដោយមានជំងឺ COVID-19 ។

កាសែត Washington Post បានរាយការណ៍ថា អតីតប្រធានាធិបតី លោកអូបាម៉ា ជឿជាក់ថា លោក Biden ដែលមានអាយុ៨១ឆ្នាំ និងអនុប្រធានាធិបតីរបស់លោក គួរតែ ពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃបេក្ខភាពរបស់ពួកគេ។
បេក្ខភាពរបស់លោក Biden គឺស្ថិតនៅលើបញ្ហាមិនច្បាស់លាស់ដោយសារតែមានការទាមទារពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យកាន់តែកើនឡើង ដែលកំពុងអំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈព្រួយបារម្ភអំពីអាយុ និងសុខភាពរបស់លោក ដែលជំរុញឲ្យមានការព្រួយបារម្ភថា លោកនឹងត្រូវចាញ់ លោក Donald Trump យ៉ាងដាច់ខាត នៅក្នុងខែវិច្ឆិកា ខាងមុខ។

វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក លោក Kevin O'Connor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Biden នៅតែមានរោគសញ្ញាកម្រិតស្រាលនៃជំងឺ COVID-19 ហើយកំពុងទទួលទានឱសថ Paxlovid ប៉ុន្តែសញ្ញាសំខាន់របស់លោកនៅតែធម្មតា។
លោក O'Connor បាននិយាយនៅក្នុងលិខិតមួយដែលចេញផ្សាយដោយសេតវិមានថា លោកBidenនឹងនៅតែបន្តការងារសម្រាប់ប្រជាជនអាមេរិក។