កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា រដ្ឋាភិបាលប្រទេសអ៊ុយក្រែន បានស្នើការដំឡើងពន្ធលើកដំបូងរបស់ខ្លួនក្នុងពេលមានសង្រ្គាម ដើម្បីប្រមូលប្រាក់រាប់ពាន់លានដុល្លារដាក់ចូលក្នុងមូលនិធិថ្មី សម្រាប់សព្វាវុធ និងប្រាក់បៀវត្សរ៍របស់យោធា ខណៈសង្រ្គាមជាមួយរុស្ស៊ី ខិតចូលដល់រយៈពេលជិត២៩ ខែ។

មន្ត្រីរដ្ឋាភិបាល និងសមាជិកសភា បាននិយាយថា នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន រដ្ឋាភិបាល បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ២០២៤ ដោយបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ១១,៩ ពាន់លានដុល្លារ។
ការផ្លាស់ប្តូរ នៅតែត្រូវការការគាំទ្រពីសភា និងត្រូវចុះហត្ថលេខាដោយប្រធានាធិបតី លោក Volodymyr Zelenskiy មុនពេលចូលជាធរមាន។ រដ្ឋាភិបាល ក៏បានស្នើឲ្យមានការដំឡើងពន្ធ និងពន្ធអាករផ្សេងៗទៀត មានចាប់ពីពន្ធសង្រ្គាមដែលត្រូវបង់ដោយប្រជាជនរបស់ខ្លួន រហូតដល់ពន្ធបន្ថែមលើការនាំចូលមួយចំនួន និងការបង្កើនពន្ធអាករ សម្រាប់ប្រេងឥន្ធនៈ។

ក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្គ្រាមទ្រង់ទ្រាយធំនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងឆ្នាំទី៣របស់ខ្លួន ហើយតម្រូវការនៅក្នុងវិស័យសន្តិសុខ និងការពារជាតិ កំពុងកើនឡើង ។ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទប់ទល់របស់យើងជាមួយអ្នកឈ្លានពាន យើងអាចពឹងផ្អែកលើធនធានរបស់យើង ហើយសំខាន់គឺពន្ធ និងការខ្ចីប្រាក់ក្នុងស្រុក ដែលវានឹងធានាបានសុវត្ថិភាពរបស់យើង និងនាំមកនូវជ័យជំនះកាន់តែខិតជិត។
ក្រសួងបាននិយាយថា ចំណាត់ការដែលបានស្នើឡើង គឺជាជម្រើសដែលអាចធ្វើទៅបាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់តម្រូវការយោធាបន្ថែម ហើយប្រហែលមួយភាគបី នឹងត្រូវបានផ្តោតទៅលើការដំឡើងពន្ធ។
ការចំណាយលើវិស័យការពារជាតិរបស់ទីក្រុងគីវ នៅតែបន្តកើនឡើង ខណៈរដ្ឋាភិបាលបានចាប់ផ្តើមការជំរុញថ្មីមួយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងការកេណ្ឌកងទ័ព និងនាំយកកងទ័ពថ្មីបន្ថែមទៀតទៅកាន់សមរភូមិមុខ។ ប្រទេសអ៊ុយក្រែន ក៏បានផ្តោតលើការកសាងឧស្សាហកម្មផលិតអាវុធក្នុងស្រុករបស់ខ្លួន ផងដែរ។