ដោយបន្ថែមពីលើបញ្ហាប្រឈមប្រចាំថ្ងៃនៅតំបន់ហ្កាហ្សា ក្រុមផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកដែលកំពុងផ្តល់ជំនួយដល់តំបន់ហ្កាហ្សាភាគខាងជើង បច្ចុប្បន្ននេះ ត្រូវតែសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល មុនពេលឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យយោធា។

ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា បញ្ហាប្រឈមការងារជាប្រចាំ នៅក្នុងជម្លោះដ៏សកម្មមួយ រួមមាន ឧបសគ្គក្នុងដំណើរការ ការរឹតត្បិតប្រេងឥន្ធនៈ ការដាច់ចរន្តអគ្គិសនីដែលនៅបន្ត ព្រមទាំងកង្វះសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ និយាយថា ក្នុងអំឡុងពេល១៦ថ្ងៃដំបូង នៃខែកក្កដា បុគ្គលិករបស់យើង បានសម្របសម្រួលបេសកកម្មមនុស្សធម៌ចំនួន៦០លើក ដើម្បីចូលទៅកាន់ភាគខាងជើង។ ប៉ុន្តែ មានតែបេសកកម្មចំនួន២៤លើកប៉ុណ្ណោះ ត្រូវបានសម្របសម្រួល ខណៈ១២លើក ត្រូវបានបដិសេធដោយអាជ្ញាធរអ៊ីស្រាអែល និង២០លើកផ្សេងទៀតត្រូវបានរារាំងដោយកងទ័ពអ៊ីស្រាអែល។ បេសកកម្មចំនួន៤លើក ដែលនៅសល់ ត្រូវបានលុបចោលដោយអង្គការមនុស្សធម៌ ដោយសារតែហេតុផលដឹកជញ្ជូន ប្រតិបត្តិការ ឬបញ្ហាសន្តិសុខ។
ក្រុមជំនួយមនុស្សធម៌បាននិយាយថា ការរឹតត្បិតជាច្រើន បានរារាំងអង្គការផ្តល់ជំនួយ មិនឱ្យចូលទៅកាន់ភាគខាងជើង ជាកន្លែងដែលមនុស្សរាប់សែននាក់ត្រូវការជំនួយមនុស្សធម៌។
អង្គការ OCHA និយាយថា ទីភ្នាក់ងារជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ទីភ្នាក់ងារ UNRWA បាននិយាយថា មណ្ឌលសុខភាពចំនួន១០ ក្នុងចំណោមមណ្ឌលសុខភាពចំនួន២៦ របស់ទីភ្នាក់ងារនៅតំបន់ហ្កាហ្សា នៅតែដំណើរការ ទោះបីជាក្រុមការងាររបស់ទីភ្នាក់ងារ UNRWA បន្តហានិភ័យចំពោះអាយុជីវិតរបស់ពួកគេ ដើម្បីផ្តល់ការថែទាំសុខភាពដល់គ្រួសារដែលជួបការលំបាក ក៏ដោយ។