ក្រុមស៊ើបអង្កេតសហព័ន្ធកំពុងពិនិត្យមើលលទ្ធភាពដែលថាខ្មាន់កាំភ្លើងបានទៅពិនិត្យមើលទីតាំងដែលលោក Donald Trump ត្រូវថ្លែងក្នុងកម្មវិធី រយៈពេលប្រាំមួយថ្ងៃមុនការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កើតឡើង។

ទូរសព្ទដៃរបស់ខ្មាន់កាំភ្លើងឈ្មោះ ថូម៉ាស ម៉ាស៊ូ ឃ្រុកស៍ (Thomas Matthew Crooks) វ័យ ២០ឆ្នាំដែលជាអ្នករស់នៅរដ្ឋ Pennsylvania នេះ បានរួមបញ្ចូលទិន្នន័យទីតាំងភូមិសាស្ត្រដែលបង្ហាញថា គេអាចស្ថិតនៅក្នុងតំបន់ដែលការវាយប្រហារកើតឡើង កាលពីថ្ងៃទី០៧ ខែកក្កដា។

ជនសង្ស័យ Crooks បានបើកការបាញ់ប្រហារពីលើដំបូលឃ្លាំងកាលពីថ្ងៃសៅរិ៍ (១៣ កក្កដា) ដោយបាញ់ត្រូវត្រចៀកខាងស្តាំរបស់លោក Trump សម្លាប់អ្នកចូលរួមម្នាក់ និងពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ ព័ត៌មានលម្អិតថ្មីអំពីទីតាំងរបស់ Crooks នៅថ្ងៃទី០៧ ខែកក្កដា មានន័យថាគេប្រហែលជាបានទៅពិនិត្យមើលទីតាំងនោះនៅមុនពេលមន្ត្រីអនុវត្តច្បាប់ធ្វើការវាយតម្លៃសុវត្ថិភាពទៅទៀត។

មន្រ្តីសហព័ន្ធបាននិយាយថា Crooks បានប្រាប់និយោជករបស់គេនៅកន្លែងធ្វើការថា គេត្រូវការឈប់សម្រាកនៅថ្ងៃទី១៣ ខែកក្កដា ព្រោះត្រូវធ្វើការសំខាន់មួយ បន្ទាប់មកពេលរសៀលមុនការបាញ់ប្រហារ គេក៏បានទៅកន្លែងបាញ់កាំភ្លើង ហើយនៅព្រឹកបន្ទាប់គេបានទិញកាំជណ្ដើរមួយ និងទិញគ្រាប់រំសេវនៅហាងលក់កាំភ្លើងក្បែរនោះ។ FBI កំពុងបន្តពិនិត្យមើលទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ Crooks ដោយសង្ឃឹមថានឹងប្រមូលតម្រុយពីមូលហេតុដែលជំរុញឱ្យគេធ្វើសកម្មភាពនេះ៕